(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣ អោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបាន និយាយថា លោកនឹងពិភាក្សាជាមួយលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ពាក់ព័ន្ធ នឹង ការស្នើសុំអាវុធទំនើបៗបន្ថែម ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង ដែលទីក្រុងកៀវកំពុង ទទូចស្នើសុំ ដើម្បីប្រយុទ្ធជាមួយរុស្ស៉ី។
ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃដិន ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកខ្លួនឯង បានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនយន្ដហោះចម្បាំង F-16 ឱ្យអ៊ុយក្រែននោះទេ ជាការ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថាតើទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនយន្ដហោះចម្បាំងជំនាន់ទី៤នេះសម្រាប់អ៊ុយក្រែន ដែរឬក៏យ៉ាងណា។ ជាថ្មីម្ដងទៀត នៅចំពោះមុខ អ្នកសារព័ត៌មាន លោក បៃដិន បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ពិតណាស់ យើងនឹងជជែកគ្នា»៕