(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេល វេលា និងកាត់បន្ថយការចំណាយ បានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែល មិនមានអ្វីជាការប៉ះពាល់ឡើយ។
ឯកឧត្តម ទេសរដ្ឋមន្ត្រីបានបន្ថែមថា នៅពេលនេះក្រសួងកំពុងតែរកដៃគូក្នុងការអភិវឌ្ឍន៍គម្រោង នេះ ហើយបើសិនជារកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាងនោះវានឹងក្លាយជា គម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ Sumitomo Mitsui Banking Corporation (SMBC) ដឹកនាំដោយលោក Rajeev Kannan នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ី ប៉ាស៊ីស្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
នាជំនួបនេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រីក៏បានជម្រាបឱ្យដឹងថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ចូន និងភស្តុភារកម្ម គឺនៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ លើកកម្ពស់សេដ្ឋកិច្ចជាតិ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាខ្លាំង។ ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលកំពុងបើកដំណើរការ គម្រោងផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត ដែលបានបញ្ចប់ការសិក្សា ហើយគ្រោងនឹងបើកការដ្ឋាននៅពាក់ កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលនឹងរៀបចំធ្វើការសិក្សាព្រម ទាំងគម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែល រាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ពន្លឿនការសិក្សាផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពី ការអភិវឌ្ឍវិស័យកំពង់ផែក្នុងនោះរួមមាន ការអភិវឌ្ឍកំ ពង់ផែក្រុងព្រះសីហនុ និងកំពង់ផែពហុបំណងខេត្តកំពត និងបានបន្ថែមថារាជរដ្ឋាភិបាលមាន គម្រោងនឹងកែប្រែមុខមាត់ខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចពិសេស ដោយរួម បញ្ចូលទាំងវិស័យដឹកជញ្ជូន កំពង់ផែ ភស្តុភារកម្ម រោងចក្រថាមពល ទេសចរណ៍ បដិសណ្ឋារកិច្ច នឹងប្រមូលផ្តុំនៅទីនោះ។
ចំពោះការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ ក្រសួងក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋាភិបាល បានខិតខំប្រឹង ប្រែងកៀរគរដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនការប្រើ ប្រាស់យានយន្តអគ្គិសនី ដើម្បីថែរក្សាបរិស្ថានឱ្យបានគង់វង្សយូរអង្វែង ជាមួយយុទ្ធនាការអព្យាក្រឹត កាបូន និងបានជម្រាបពីទីតាំងស្ថានីយបញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យដំណើរការនា ពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបានច្រើននៅពាសពេញផ្ទៃប្រទេស ពីសំណាក់ក្រុម ហ៊ុនឯកជននានា។
នាឱកាសនោះដែរប្រតិភូ SMBC បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់លើគម្រោងអភិវឌ្ឍន៍នានា ដែលឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកយកមកជម្រាបជូន និងបានសម្តែងនូវការកោតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់កម្ពុជាក្រោម ការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រោមការ ដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោក Rajeev Kannan ក៏បានជម្រាបជូនដែរថា ទាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុសម្រាប់គម្រោង អភិវឌ្ឍន៍ SMBC គឺមានបទពិសោធន៍ជាច្រើន និងរយៈពេលជាយូរឆ្នាំ ទាំងក្នុង និងក្រៅតំបន់ ជា មួយគ្នានេះដែរក្នុងប្រទេសកម្ពុជា SMBC កំពុងសហការជាមួយធនាគារអេស៊ីលីដា អនុវត្តនូវ គម្រោងក្នុងការលើកម្ពស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របគ្នាជាមួយការជំរុញលើក ទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី របស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ SMBC កំពុងសម្លឹងមើលឱកាសក្នុងការសហការជាមួយរាជរដ្ឋាភិបាល និងបានស្នើសុំការណែនាំពីសំណាក់លោកទេសរដ្ឋមន្ត្រី ក្នុងការស្វែងរកឱកាសក្នុងការវិនិយោគ ចំពោះបណ្ដាគម្រោងថ្មីៗរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសគឺនៅក្នុងវិស័យ ភស្តុភារកម្ម និងវិស័យកំពង់ផែ។ ជាងនេះទៅទៀតមានគម្រោងធំៗចំនួន២ ដែល SMBC ផ្ដោត ការចាប់អារម្មណ៍ជាខ្លាំងក្នុងការផ្តល់ហិរញ្ញប្បទាន រួមមាន៖ គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត និងគម្រោងការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្មនៅរកម្ពុជា ដែលក្នុងផែនការមេនេះមានគម្រោងជាង ៣៣២គម្រោង ជាមួយនឹងទឹកប្រាក់ជាង ៤៨ពាន់លានដុល្លារ៕