(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សា ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារមួយចំនួនលើវិស័យអប់រំថ្នាក់ឧត្តមសិក្សា។
ជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។ សមាគមដឹកនាំដោយលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងលោកបណ្ឌិត លី ឆេង ប្រធានគណៈប្រតិបត្តិសមាគម។
សូមបញ្ជាក់ថា សមាគមគ្រឹះស្ថានឧត្តមសិក្សា គឺជាបណ្តុំគ្រឹះស្ថានឧត្តម សិក្សានៅកម្ពុជា ដែល បានចងក្រងគ្នាធ្វើសកម្មភាពក្នុងការលើកកម្ពស់ គុណភាពអប់រំសិក្សារបស់សិស្ស និស្សិត និង ពង្រឹងគុណភាពបង្រៀន គ្រប់កម្រិត និងនិរន្តរភាពស្ថាប័ន។
សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាគមចូលជួបជារៀង រាល់ឆ្នាំ ដើម្បីផ្តល់អនុសាសន៍មួយចំនួនពាក់ព័ន្ធការអប់រំ ក៏ដូចជាស្តាប់នូវសំណូមពរនានាពីខាង សមាគមផងដែរ៕