(កៀវ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា កងកម្លាំងរុស្ស៊ី កំពុងបង្កើនការវាយលុករុលទៅមុខដោយសន្សឹមៗ ដើម្បី ដណ្តើមយកទឹកដីនៅក្នុងតំបន់ដូណេត (Donetsk) ដែលស្ថិតភាគខាងកើតអ៊ុយក្រែន ដោយផ្តោត លើទីក្រុងបាកមូត (Bakhmut) ជារដ្ឋធានីភាគខាងជើងនៃតំបន់នេះ។
រដ្ឋាភិបាលលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន កំពុងព្យាយាមបញ្ចុះបញ្ចូល ប្រទេសជិតខាងនិងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនឱ្យផ្គត់ផ្គង់យន្តហោះចម្បាំងឱ្យបានកាន់តែឆាប់ ដែលខ្លួនអាចប្រើដើម្បីឆ្លើយតបការវាយលុកថ្មីៗរបស់រុស្ស៊ី។ ដោយឡែក នៅឯទីក្រុងប៉ារីស បន្ទាប់ពីជួបរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡេកស៉ី រ៉េសនីកូវ (Oleksii Reznikov) រដ្ឋមន្ត្រី ការពារជាតិបារាំង លោក សេបាស់ស្ទៀន ឡឺក័រនុយ (Sebastien Lecornu) បានគូសបញ្ជាក់ថា «មិនមានការហាមឃាត់ណាមួយទេ» អំពីករណីផ្គត់ផ្គង់យន្តហោះចម្បាំង។
ប៉ុន្តែ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានបដិសេធផ្ដល់ យន្ដហោះចម្បាំងឱ្យអ៊ុយក្រែន ប៉ុន្តែបានបញ្ជាក់ម្តងហើយម្តងទៀត នូវឆន្ទៈរបស់ពួកគេក្នុង ការបន្ត ការគាំទ្រ ផ្នែកយោធាដល់អ៊ុយក្រែន៕