(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន មកពីគណបក្សប្រជា ជនកម្ពុជាដ៏មានប្រជាប្រិយភាព នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញវីដេអូ ថ្មីមួយទៀត ដែលជាសកម្មភាព ស្វាគមន៍ដ៏ស្និទ្ធស្នាលរបស់គ្រិស្តបរិស័ទ។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣កន្លងទៅ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រារព្ធពិធីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា។ ពិធីនោះប្រារព្ធធ្វើឡើងនៅបរិវេណមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
វត្តមានរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការស្វាគមន៍ប្រកប ដោយភាពស្និទ្ធស្នាល បំផុតពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនា គ្រិស្ត។ ក្តីគោរពស្រឡាញ់ផុសចេញពីក្រអៅ បេះដូង បានជំរុញឱ្យអ្នកចូលរួមក្នុងពិធីនោះ បានស្វះស្វែងសុំការថតរូបពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។ នៅលើផ្ទៃមុខទាំង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងប្រជាគ្រិស្តបរិស័ទ បានបង្ហាញ ស្នាមញញឹមប្រកបដោយការគោរពស្រឡាញ់។
ជាមួយនឹងការបង្ហោះវីដេអូបង្ហាញនូវសកម្មភាពដ៏ស្និទ្ធស្នាលនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសេចក្តីស្រលាញ់រាប់អាននេះ។
បេក្ខភាពនាយករដ្ឋមន្ត្រីដែលបញ្ចប់ការសិក្សានៅអាមេរិក និងអង់គ្លេសរូបនេះ បានគូសរំលេចដែរថា សេចក្តីស្រលាញ់ និងការរាប់អានដែលផុសចេញពីទឹកចិត្តពិតៗ របស់ប្រជាពលរដ្ឋ គឺជាថាមពល ពិសេស និងមិនចេះរីងស្ងួត ក្នុងការផ្តល់កម្លាំងចិត្ត និងពង្រឹងឆន្ទៈរបស់លោកក្នុងការខិតខំបំពេញ ភារកិច្ចបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគេ សង្កេតឃើញថា មានសកម្មភាពច្រើនក្នុងវេទិកា មហាជន ដូចជាពិធីសម្ពោធសមិទ្ធផល ការចែក សញ្ញាបត្រ រួមនិងពិធីផ្សេងៗទៀត។ វត្តមានរបស់លោកក្នុងពិធីសាធារណៈទាំងនោះ តែងទទួល បានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋគ្រប់វ័យ រាប់ចាប់ពីកុមារា កុមារី យុវជន យុវតី និងលោកតា លោកយាយផងដែរ។
តាមរយៈរូបភាព និងសកម្មភាពទាំងនោះ បានស្តែងឱ្យឃើញថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេនរបស់បក្សប្រជាជនកម្ពុជា ក៏ដូចជាជាតិកម្ពុជា ពោរពេញដោយប្រជាប្រិយភាព និងការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាពលរដ្ឋខ្មែរ៕