ក្រសួងពាណិជ្ជកម្ម រកចំណូលបានជាង ១៥លានដុល្លារ នៅឆ្នាំ២០២២ កើនជាង ៦%

(ភ្នំពេញ)៖ តាមរយៈរបាយការណ៍លទ្ធផលការងារ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នៅឆ្នាំ ២០២២ ខ្លួនបានកៀរគរចំណូលចូលថវិកាជាតិជាង ១៥លានដុល្លារ កើនជាង ៦%។

របាយការណ៍ដែលទទួលបានបញ្ជាក់ថា «សរុបអនុវត្តចំណូល១២ខែ ឆ្នាំ២០២២ មានចំនួន ៦៣ ០៤៩ លានរៀល (ប្រហែលជាង១៥លានដុល្លារ) ស្មើនឹង១២៤.៨% នៃផែនការ បើធៀបរយៈពេល ដូចគ្នា ឆ្នាំ២០២១ មានចំនួន ៥៨ ៩០៩លានរៀល កើនឡើងចំនួន ៤ ១៤៦លានរៀល ស្មើនឹង ៦.៥៧%»

ជាមួយគ្នានេះ នៅឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានចំណាយថវិកាចំនួន ១០១ ៩១២លានរៀល (ប្រហែលជិត ២៥លានដុល្លារ)។

ប្រភពចំណូលរបស់ក្រសួងពាណិជ្ជកម្ម បានមកពីការផ្តល់សេវាសាធារណៈ ការផាកពិន័យពីចុះ បញ្ជីពាណិជ្ជកម្ម នៃការធ្វើអាជីវកម្មផ្សេងៗ និងការផាកពិន័យរបស់អគ្គនាយកដ្ឋាន កិច្ចការពារអ្នក ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក ប ប) រួមនឹងការរៀបចំការតាំង ពិព័រណ៍ ផ្សេងៗ និងសេវាកម្មផ្សេងៗទៀត។

សូមជម្រាបថា ក្នុងឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម រកចំណូលបាន ២២០.២៦ប៊ីលានរៀល, ឆ្នាំ​២០១៩ បានជាង១១៣ប៊ីលានរៀល, ឆ្នាំ ២០២០ ទទួលបានចំណូលជាង ៥២.៨៧ប៊ីលានរៀល និងឆ្នាំ ២០២១ ទទួលបាន៥៨.៩០ប៊ីលានរៀល៕