(អ៉ីស្លាម៉ាបាដ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ គឺ ចំនួនជនរងគ្រោះក្នុងករណីបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយ នៅឯប្រទេសប៉ាគីស្ថាន នាថ្ងៃចន្ទនេះ បានកើនដល់ ២៥នាក់ស្លាប់ និងជាង១២០នាក់របួស។
ការវាយប្រហារខាងលើ ដែលកើតមានចំពេលថ្វាយបង្គំថ្ងៃត្រង់ នៅព្រះវិហារអ៊ីស្លាមមួយកន្លែង ក្នុងទីក្រុងផេសាវ៉ា (Peshawar) ភាគពាយព្យប្រទេសប៉ាគីស្ថាន គឺទំនងជាត្រូវបានធ្វើឡើងដោយ ជនបំផ្ទុះគ្រាប់បែកអត្តឃាត។ តួលេខជនរងគ្រោះថ្មីខាងលើ ត្រូវបានទទួលស្គាល់ដោយស្នងការ ប៉ូលិសរង លោក សាហ្វីអ៊ូលឡោះ ខាន់ (Shafiullah Khan) ហើយលោកបានបង្ហាញក្តីបារម្ភថា តួលេខនេះអាចនឹងបន្តកើនឡើងថែមទៀត។ អ្នកនាំពាក្យមន្ទីរពេទ្យ Lady Reading Hospital ប្រាប់ថា ខាងមន្ទីរពេទ្យទទួលបាន សាកសពនិងអ្នករងរបួសរាប់សិបនាក់ ហើយមួយចំនួនស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប៉ាគីស្ថាន មានមនុស្សប្រហែលខ្ទង់២៦០នាក់ ស្ថិតក្នុងព្រះវិហារខាងលើ នៅពេលការវាយប្រហារបានកើតឡើង។ អ្នករួចជីវិតនិងក្រុមសង្រ្គោះបាននិយាយថា ព្រះវិហារមួយផ្នែកធំបានដួលរលំ ហើយមានជនរង គ្រោះដទៃទៀត នៅកប់ជាប់ក្រោមគំនរបាក់បែក៕