(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលបានប្រមាណជាង ១៥លានដុល្លារ ពីអាជីវកម្មរ៉ែ មាសរបស់ក្រុមហ៊ុន Renaissance នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ គិតមកដល់ពេលនេះរុករក រ៉ែមាសរបស់ក្រុមហ៊ុន Renaissance ផលិតបានប្រមាណ៥៣០០គីឡូ ដែលក្នុងនោះផ្តល់ចំណូល ជាសួយសារអាករដល់រដ្ឋចំនួនជាង ៨លាន និងពន្ធដារចំនួន ៦.៥លានដុល្លារ។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មន្ត្រីដដែលបញ្ជាក់ថា បច្ចុប្បន្ននេះមានក្រុមហ៊ុន៧ ដែលទទួលបានអាជ្ញាបណ្ណរុករករ៉ែមាសពីរាជរ ដ្ឋាភិបាល ដោយបានរុករករ៉ែមាសនៅខេត្តចំនួន៤ រួមមាន នៅខេត្តមណ្ឌលគិរី រតនគិរី បាត់ដំបង និងព្រះវិហារ។
លោកបន្តថា ក្រុមហ៊ុនដែលដំណើរការអាជីវកម្មរុករករ៉ែមាសល្អជាងគេ គឺក្រុមហ៊ុន Renaissance របស់អូស្រ្តាលី ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី ដោយឡែកក្រុមហ៊ុនផ្សេង ដែលកំពុងធ្វើ អាជីវកម្មទទួលបានផលតិចតួចប៉ុណ្ណោះ ដោយសារតែកត្តាការរីករាលដាលជំងឺកូវីដ១៩ ។
គួរជម្រាបថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុម ហ៊ុនខ្នាតអន្ដរជាតិ បានចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។
ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រ ចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕