(អង់ការ៉ា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា ប្រធានាធិបតីតួកគី លោក តាយ៉ីប អឺដូហ្កាន់ (Tayyip Erdogan) បាន បង្ហាញសញ្ញាជាវិជ្ជមានថាទីក្រុងអង់ការ៉ា អាចនឹងយល់ព្រមឱ្យប្រទេសហ្វាំងឡង់ចូល NATO ប៉ុន្តែអាចនឹងរារាំងស៊ុយអែត មិនឱ្យចូលបក្សសម្ព័ន្ធយោធាមួយនេះ។
ការលើកឡើងបែបនេះរបស់លោក អឺដូហ្កាន់ កើតមានឡើងបន្ទាប់ពីទីក្រុងអង់ការ៉ា បានសម្រេច ចិត្តផ្អាកកិច្ចពិភាក្សាជុំវិញសំណើសុំចូលជាសមាជិក NATO ជាមួយហ្វាំងឡង់ និងស៊ុយអែតក្រោយ បាតុកម្មតវ៉ាមួយនៅក្នុងទីក្រុងស្ដុកខុល របស់ក្រុមអ្នកនយោបាយស្ដាំនិយមជ្រុលស៊ុយអែត មានការ ដុតបំផ្លាញសេចក្ដីចម្លងគម្ពីគួរអាននៃសាសនាអ៉ីស្លាម។ នៅក្នុងសុន្ទរកថាមួយដែលត្រួវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក អឺដូហ្កាន់ បានគូសបញ្ជាក់ដូច្នេះថា «យើងអាចបញ្ជូនសារ ដាច់ដោយឡែកមួយ ទៅកាន់ហ្វាំងឡង់ (ជុំវិញសំណើសុំចូល NATO) រីឯស៊ុយអែតវិញអាចនឹងកត់ស្លុត នៅពេលពួកគេ បានឃើញសាររបស់យើង»។ ប៉ុន្តែ ហ្វាំងឡង់ក៏មិនគួរប្រព្រឹត្ត ទង្វើដូចដែលស៊ុយអែតបានធ្វើនោះ ដែរ»។
សូមបញ្ជាក់ថា ហ្វាំងឡង់ និងស៊ុយអែត បានបោះបង់ចោលជំហរអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ យោធារបស់ខ្លួនដោយដាក់ពាក្យស្នើសុំចូល NATO កាលពីឆ្នាំ២០២២ ដោយសារតែ សង្រ្គាម ឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ដើម្បីអាចចូលក្នុងបក្សសម្ព័ន្ធយោធាមួយនេះ ប្រទេសទាំង២ ត្រូវការនូវការយល់ព្រមពីប្រទេសជាសមាជិកទាំង៣០ ប៉ុន្តែ តួកគី និងហុងគ្រី គឺជាប្រទេសតែ២គត់ ដែលមិនទាន់អនុម័តលើសំណើរបស់ហ្វាំងឡង់ និងស៊ុយអែត៕