(បែរឡាំង)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ គឺ ប្រទេសអាល្លឺម៉ង់ នឹងបញ្ជូនរថក្រោះខ្លារខិន Leopard 2 ឱ្យអ៊ុយក្រែន ខណៈសហ រដ្ឋអាមេរិកក៏ត្រូវបានគេរាយការណ៍ដែរថាអាចនឹងផ្គត់ផ្គង់រថក្រោះ Abramsដល់ទីក្រុងកៀវ នៅចំ ពោះមុខការសន្និដ្ឋានថារុស្ស៉ីអាចនឹងបើកប្រតិបត្តិការវាយលុកថ្មីមួយឆាប់ៗនេះ។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីក្រុមលោក ខាងលិចចំនួន២រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីទាំង២រូប នេះបានបញ្ជាក់ដែរថាទីក្រុង បែរឡាំង ក៏អនុញ្ញាតឱ្យប្រទេសដូចជាប៉ូឡូញ និងហ្វាំងឡង់ជាដើមអាចបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ឱ្យអ៊ុយក្រែនផងដែរ។ ប៉ុន្តែ ខាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងបែរឡាំងមិនទាន់ទទួល ស្គាល់ ឬធ្វើអត្ថាធិប្បាយអ្វីឡើយទេ ជុំវិញព័ត៌មានខាងលើ។
គួរបញ្ជាក់ថា អ៊ុយក្រែន បានទទូចស្នើសុំរថក្រោះប្រយុទ្ធធុនធ្ងន់ពីប្រទេសលោកខាងលិចអស់ ពេលជាច្រើនខែមកហើយ ជាពិសេសគឺរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ តែម្ដង។ តែទីក្រុងបែរឡាំង មានការស្ទាក់ស្ទើរចំពោះការបញ្ជូនរថក្រោះប្រភេទនេះ ដោយសារតែបារម្ភ ខ្លាចសង្រ្គាមសព្វថ្ងៃផ្ទុះឡើងកាន់តែធំ ឬអាចរាលដាលទៅជាសង្រ្គាមរវាង NATO និងរុស្ស៉ី៕