(មូស្គូ)៖ តាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ ២០២៣ បានបញ្ជាក់ថា រុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា គ្មានកាលបរិច្ឆេទថ្មីណាមួយត្រូវបាន កំណត់សម្រាប់កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកលើសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START នោះទេ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថាបានបង្កើនភាពតានតឹងរវាងភាគីទាំងពីរ។
កិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ស្តីពីការបន្តអធិការកិច្ចក្រោមសន្ធិសញ្ញាកាត់ បន្ថយអាវុធនុយក្លេអ៊ែរ New START នឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងប្រទេសអេហ្ស៊ីប ប៉ុន្តែរុស្ស៊ីបានពន្យារពេលហើយភាគីទាំងពីរមិនបានកំណត់កាលបរិច្ឆេទថ្មីសម្រាប់កិច្ចប្រជុំនោះទេ។
លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី បាននិយាយថា លក្ខខណ្ឌ គឺមិនសមនឹងកិច្ចពិភាក្សាថ្មីស្តីពីសន្ធិសញ្ញាដែលកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ភាគីនីមួយៗ។ លោក រីយ៉ាបកូវ បានគូសបញ្ជាក់ថា «និយាយដោយត្រង់ទៅ ស្ថានភាពនេះមិនអនុញ្ញាតឲ្យមានការកំណត់កាលបរិច្ឆេទថ្មីទេ…ដោយគិតគូរពីនិន្នាការកើនឡើង ទាំងវោហាសាស្ត្រ និងសកម្មភាពរបស់សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីកាន់តែមានភាពតានតឹងចាប់តាំងពីឆ្នាំ២០២២ នៅពេលដែលរុស្ស៉ីឈ្លានពានអ៊ុយក្រែន ដែលជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ឆ្លើយតប ដោយការដាក់ទណ្ឌកម្មប្រឆាំងនឹងសេដ្ឋកិច្ចរបស់រុស្ស៊ី៕