រដ្ឋាភិបាលបារាំង បដិសេធមិនព្រមចុះចាញ់ស្តីពីកំណែទម្រង់ច្បាប់សោធននិវត្តន៍ នៅចំពោះមុខបាតុកម្មតវ៉ារបស់មហាជន

 (ប៉ារីស)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែ មករា ឆ្នាំ២០២៣ ម្សិលមិញនេះបានអោយដឹងថា រដ្ឋាភិបាលបារាំងបានជម្នះឈានទៅមុខ ជាមួយ នឹងផែនការកំណែទម្រង់សោធននិវត្តន៍ ដែលមានភាពចម្រោងចម្រះខ្លាំង ដោយនឹងបង្កើនអាយុចូល និវត្តន៍ដល់ពី៦២ ទៅ៦៤ឆ្នាំ បើទោះជាមានប្រតិកម្មតវ៉ាយ៉ាងខ្លាំងពីសាធារណៈជនក៏ដោយ។

ក្រៅពីការបង្កើនអាយុចូលនិវត្តន៍បន្តិចម្តងៗពី៦២ ដល់ ៦៤ឆ្នាំនៅត្រឹមឆ្នាំ២០៣០ ច្បាប់នេះក៏នឹង បង្កើនចំនួនឆ្នាំអប្បបរមា ដែលប្រជាជនត្រូវដាក់ចូលទៅក្នុងប្រព័ន្ធ ដើម្បីទទួលបានប្រាក់សោធន ពេញលេញពី៤២ឆ្នាំ ទៅ៤៣ឆ្នាំផងដែរ។

រដ្ឋមន្ត្រីក្រសួងការងារ លោក Olivier Dussopt បាននិយាយថា រដ្ឋាភិបាលមិនចុះសម្រុងជាមួយ ក្រុមសហជីព ដែលនៅជួរមុខនៃការធ្វើកូដកម្ម និងការតវ៉ាដ៏ធំកាលពីថ្ងៃព្រហស្បតិ៍នោះទេ ដោយ នៅពេលនោះមានមនុស្សជាង ១.១លាននាក់ បានដើរក្បួនដើម្បីតវ៉ាអំពីកំណែទម្រង់ប្រាក់សោធន និវត្តន៍។

សហជីពកម្មករ គ្រោងនឹងរៀបចំធ្វើកូដកម្មមួយផ្សេងទៀតនៅថ្ងៃទី៣១ ខែមករា ដោយព្រមានថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងវិធានការតវ៉ា ប្រសិនបើរដ្ឋាភិបាលមិនព្រមត្រឡប់ក្រោយ៕