កម្ពុជា-បារាំង ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍គោលបំណងរួមស្តីពី ការបង្កើតយន្ដការនៃកិច្ច ពិគ្រោះយោបល់នយោបាយទ្វេភាគី

 (ភ្នំពេញ)៖ កម្ពុជា-បារាំង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចុះហត្ថលេខាលើ សេចក្ដីថ្លែង ការណ៍គោលបំណងរួមស្តីពី ការបង្កើតយន្ដការនៃកិច្ចពិគ្រោះយោបល់នយោបាយ ទ្វេភាគី។

ការចុះហត្ថលេខាធ្វើឡើង នៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ តំណាងរដ្ឋមន្រ្ដីនៃក្រសួង ការបរទេស និងសហប្រតិបត្តិការអន្ដរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា តំណាងរដ្ឋមន្ដ្រីនៃក្រសួងអឺរ៉ុប និងការបរទេសនៃ សាធារណរដ្ឋបារាំង។

យន្តការនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដែលកើតចេញពីចំណងមិត្ត ភាពជាយូរលុងរវាងប្រទេសទាំងពីរជាពិសេសទំនាក់ទំនងរវាងក្រសួងការបរទេសទាំងពីរក្នុងឋាន:ជាអ្នកសម្របសម្រួលថ្នាក់ជាតិ៕