(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងរំលឹកជាថ្មីឱ្យចូលរួមផ្សព្វផ្សាយយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៉ីហ្គេម២០២៣ ដែលនឹងចាប់ផ្តើមរាប់ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។
ថ្លែងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត ៧ពាន់នាក់ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្រនឹងយាងប្រទានព្រះភ្លើង សម្រាប់ព្រឹត្តិការណ៍ស៉ីហ្គេម ចេញពីខេត្តសៀមរាប។
«សូមកុំភ្លេចថា ថ្ងៃទី២៥ ខែមករា គឺជាថ្ងៃដែលយើងធ្វើយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅព្រឹត្តិការណ៍ស៉ីហ្គេម ពេលនោះគឺត្រូវធ្វើឲ្យផ្ទុះទូទាំងប្រទេសឡើង»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ដែលថ្លែងក្នុងទឹកមុខពោរពេញដោយមោទនភាព ដោយសារកម្ពុជាទើបតែធ្វើជាម្ចាស់ផ្ទះលើកដំបូង ខណៈកីឡានេះកើតឡើងជាងកន្លះសតវត្សទៅហើយនោះ។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៉ីអាគ្នេយ៍ ឬស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។
ការប្រកួតកីឡាអាស៉ីអាគ្នេយ៍ដែលមានប្រទេសចំនួន ១១ចូលរួមនេះ ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។ មកដល់ពេលនេះព្រឹត្តិការណ៍ស៉ីហ្គេមនេះ មានរយៈពេល ៦៤ឆ្នាំមកហើយ។ ដោយសារតែវិបត្តិនយោបាយ និងសង្គ្រាម ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតនោះ ធ្វើឱ្យប្រទេសកម្ពុជាមិនធ្លាប់បានធ្វើជាម្ចាស់នៃការប្រកួតនេះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «កម្ពុជាត្រូវរង់ចាំរយៈពេល ៦០ឆ្នាំ ម្ខាងដោយសារប្រទេសយើងមិនអំណោយផល ម្ខាងទៀតហើយមានអំណោយពីសន្តិភាព ប៉ុន្តែយើងអត់ហេដ្ឋារចនាសម្ព័ន្ធ។ ឥលូវ យើងមានឱកាសធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតស៉ីហ្គេម […]»។
ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដូច្នេះហើយ សម្តេចស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមយុទ្ធនាការផ្សព្វផ្សាយយុទ្ធនាការនេះឱ្យបានផុលផុស ដើម្បីឱ្យពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសបានដឹង និងបំផុសស្មារតីលើកទឹកចិត្តដល់កីឡាករ កីឡាការនី ឱ្យខិតខំហ្វឹកហាត់ដើម្បីទទួលបានមេដាយច្រើន ក្នុងការប្រកួតនាពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវរួមគ្នារៀបចំការប្រកួតស៉ីហ្គេម និងប៉ារ៉ាហ្គេម ឱ្យទទួលបានជោគជ័យ៕