(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចឱ្យផ្នែកឯកជនចូលរួមវិនិយោគលើវិស័យអប់រំនៅកម្ពុជា គឺជួយផ្ដល់ការអប់រំ ការបណ្ដុះបណ្ដាលដល់យុវជនយ៉ាងច្រើនក្នុងមួយឆ្នាំៗ និងរួមចំណែកដល់ការកសាងធនធានមនុស្ស។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេចតេជោបានថ្លែងថា សម្រាប់កម្ពុជាក៏មិនដែលទម្លាក់ដៃចុះក្នុងការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលនោះដែរ ពោលគឺរាជរដ្ឋាភិបាលបានធ្វើកិច្ចការងារច្រើនណាស់សម្រាប់ផ្ដល់ការអប់រំ ការបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋ ការពង្រឹងវិស័យសិក្សាចាប់ពីថ្នាកបឋមសិក្សារហូតដល់ឧត្តមសិក្សា។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានបើកឱកាសឱ្យផ្នែកឯកជនចូលរួមវិនិយោគលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្សក្នុងប្រទេសឱ្យបានកាន់តែច្រើន ដែលជាអាទិភាពចម្បងបំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន នៅតែមានមោទនភាពចំពោះការសម្រេចឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំនេះ ដែលបានបើកឱកាសឱ្យមានការចូលរួមតាំងពីឆ្នាំ១៩៨៩ ឬឆ្នាំ១៩៩០ ពោលគឺមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩៣នោះទៅទៀត។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនៅតែមានមោទនភាពអំពីការសម្រេចិត្តដ៏ត្រឹមត្រូវមួយ គឺផ្ដល់ឱ្យវិស័យឯកជនចូលរួមវិនិយោគក្នុងវិស័យអប់រំ …. ដែលខ្ញុំចាំមិនច្រឡំគឺតាំងពីឆ្នាំ១៩៨៩, ១៩៩០ ដែលយើងបើកឱកាសឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្រេចចិត្តឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំនេះ គឺបង្កើតនូវស្ថានភាពដ៏ល្អមួយដោយអនុញ្ញាតឱ្យសាកលវិទ្យាល័យរបស់រដ្ឋយកប្រាក់បង់ថ្លៃសិក្សាមួយផ្នែក ដើម្បីឧបត្ថម្ភលើកទឹកចិត្តដល់សាស្ត្រាចារ្យដែលបង្រៀន និងសម្រាប់ដំណើរការតាមសាកលវិទ្យាល័យទាំងនោះផង។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ប្រសិនបើមិនឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំទេ កម្ពុជានឹងខកខានផ្តល់ការអប់រំដល់សិស្សដែលប្រឡងជាប់បាក់ឌុប ខណៈសាកលវិទ្យាល័យរបស់រដ្ឋទទួលបានយ៉ាងច្រើន១ម៉ឺននាក់ប៉ុណ្ណោះ ដូច្នេះសិស្សរាប់ម៉ឺននាក់ទៀតនឹងគ្មានសាកលវិទ្យាល័យសម្រាប់បន្តការសិក្សា។
សម្តេចតេជោបានបន្ថែមទៀតថា បច្ចុប្បន្ន រាជរដ្ឋាភិបាលក៏ថែមទាំងបានអនុញ្ញាតឱ្យសិស្សដែលប្រឡងមិនជាប់ អាចចូលរៀនបរិញ្ញាបត្ររងសិន មុនបន្តទៅបរិញ្ញាបត្រនៅសាកលវិទ្យាល័យ។ មួយវិញទៀត សិស្សដែលប្រឡងធ្លាក់បាក់ឌុបក៏អាចចូលរៀននៅសាលាបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈបន្តទៀតបានដែរ (ក្រោមក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)។
សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះក្រុមអគតិមួយចំនួន ដែលកាលពីដើមឡើងពួកគេទទួលបានការបណ្តុះបណ្តាលនៅក្រោមដំបូលសាលារបស់កម្ពុជា និងពីគ្រូកម្ពុជា ប៉ុន្តែពួគេបែរជាមើលស្រាលគុណភាពអប់រំរបស់កម្ពុជាទៅវិញ។
សម្ដេចបានបន្តទៀតថា ទាក់ទិននឹងបញ្ហាគុណភាពអប់រំនេះ មិនមែនធ្វើតែមួយថ្ងៃនោះទេ គឺត្រូវតែមានការវិវត្តរៀងរាល់ថ្ងៃ កុំថាឡើយកម្ពុជា សូម្បីតែប្រទេសដទៃក៏កំពុងខិតខំលើកកម្ពស់វិស័យអប់រំរបស់គេដែរ នេះក៏ព្រោះតែវិទ្យាសាស្ត្រ បច្ចេកទេសមានការវិវត្តឥតឈប់ឈរ ជាមួយនឹងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយប្រទេសទាំងនោះក៏សុទ្ធតែមានតម្រូវការការពង្រឹងសមត្ថភាពតាមរយៈការអប់រំបណ្ដុះបណ្ដាល៕