(ភ្នំពេញ)៖ បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជា មកពីគណបក្ស ប្រជាជនកម្ពុជា បានលើកឡើងថា ការធ្វើឱ្យសង្គមរីកចម្រើន ហើយប្រជាពលរដ្ឋមានជីវភាពល្អ ប្រសើរ គឺជាកេរដំណែល និងជាគោលដៅដ៏ធំបំផុតរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចបែបនេះ ក្នុងពេលជួបពិសារអាហារសាមគ្គីជាមួយ ថ្នាក់ដឹកនាំសហជីព កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
តាមរយៈវីដេអូសម្រង់សម្តីដែលទើបបង្ហោះលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដ៏មានប្រជាប្រិយភាព និងពោរពេញដោយសមត្ថភាពរូបនេះ បាន រំលឹកថា ពីការជួបជាមួយបណ្តាទូតមួយចំនួននៃប្រទេសជាមិត្ត ហើយបាននិយាយដល់ដំណើរ វិវឌ្ឍន៍នៃសង្គមកម្ពុជា។
បើតាមឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងជំនួបទាំងនោះ លោកបានលើកឡើងថា សង្គមកម្ពុជា នាពេលបច្ចុប្បន្នមិនទាន់រីកចម្រើនដូចអាមេរិក និងបណ្តាប្រទេសនានានៅលោកខាងលិច។ ប៉ុន្តែបើមើលកម្ពុជានាទសវត្សរ៍៨០ និង៩០ ជាមួយពេលបច្ចុប្បន្នមានការខុសគ្នាឆ្ងាយណាស់។
ក្រៅតែរំលឹកដល់ការជជែកជាមួយមន្ត្រីនៃបណ្តាប្រទេសជាមិត្តហើយនោះ នៅចំពោះមុខថ្នាក់ដឹក នាំសហជីពទាំងក្នុង និងក្រៅប្រព័ន្ធ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រី ដែលបញ្ចប់ការសិក្សាផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ច ក៏បានលើកបង្ហាញពីគោលនយោបាយ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បណ្ឌិត បានបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើឱ្យសង្គមរីក ចម្រើន និងជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។
ឯកឧត្តម បណ្ឌិត បានបញ្ជាក់បែបនេះ «កេរដំណែលរបស់កម្ពុជាមិនមានអ្វីក្រៅពីការកសាង សង្គមមួយរីកចម្រើន ផ្អែកលើមូលដ្ឋានគោលដៅធ្វើឱ្យប្រជាពលរដ្ឋគ្រប់ក្រុម គ្រប់រូបមានបាន ជីវភាពកាន់តែធូរធារ ហ្នឹងជាមូលដ្ឋាន និងកេរដំណែលរបស់គណបក្សប្រជាជនកម្ពុជា»។
បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនពោរពេញដោយថាមពលរូបនេះ ក៏បានលើកបង្ហាញដែរថា គោល នយោបាយរបស់កម្ពុជា គឺប្រឹងប្រែងបង្កើតការងារជូនប្រជាពលរដ្ឋ តាមរយៈការវិនិយោគនានា។ បន្ថែមពីលើនោះ បានដាក់ចេញនយោបាយជាច្រើនទៀត ដើម្បីគាំពារដល់កម្មករ និយោជិតឱ្យ ទទួលបានប្រាក់ឈ្នួលកាន់តែខ្ពស់ ជីវភាពកាន់តែប្រសើរ៕