មេទ័ពអ៊ុយក្រែន ប្រាប់មេទ័ពអាមេរិក ពីតម្រូវការបន្ទាន់ ដើម្បីពន្លឿនជ័យជម្នះ ក្នុងសង្រ្គាមជាមួយរុស្ស៉ី


 (កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ ២០២៣ អោយដឹងថា ឧត្ដមសេនីយ៍កំពូលរបស់អ៊ុយក្រែន បាននិយាយថាលោកផ្ទាល់បានលើក ឡើងពី «តម្រូវការបន្ទាន់» នៃកងកម្លាំងប្រដាប់អាវុធរបស់លោក នៅក្នុងជំនួបទល់មុខលើក ដំបូង នៅថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយប្រធានសេនាធិការចម្រុះកងទ័ពអាមេរិក លោក Mark Milley នៅក្នុងប្រទេសប៉ូឡូញ។

អ៊ុយក្រែន កំពុងបន្តជំរុញ និងទទូចឱ្យសម្ព័ន្ធមិត្តលោកខាងលិចបញ្ជូនអាវុធមកបន្ថែម ក្នុងនោះជា ពិសេសគឺរថក្រោះប្រយុទ្ធធុនធ្ងន់ផលិតដោយលោកខាងលិចដែលទីក្រុងកៀវ រំពឹងថាអាចនឹងប្រើ ប្រាស់ក្នុងការប្រយុទ្ធនៅលើសមរភូមិបណ្ដេញកងទ័ពរុស្ស៉ី ដែលនៅតែបន្តកាន់កាប់ទឹកដីមួយ ផ្នែកធំនៅតំបន់ភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram លោកឧត្ដម សេនីយ៍ វ៉ាឡេរី ហ្សាលូស្នី (Valeriy Zaluzhnyi) បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបាន លើកឡើង ពីតម្រូវការចាំបាច់របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ហើយការបំពេញតម្រូវការទាំងនោះអាចនឹង ពន្លឿនជ័យជម្នះរបស់ពួកយើង»។ ជំនួបរវាងឧត្ដមសេនីយ៍កំពូល អាមេរិក និងអ៊ុយក្រែន កើតមាន ឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងបណ្ដាប្រទេសលោកខាងលិចគ្រោងនឹងជួបប្រជុំគ្នានៅឯមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នា និងបង្ហាញពីការផ្ដល់ ជំនួយយោធាបន្ថែមដល់អ៊ុយក្រែន ដោយផ្ដោតជាសំខាន់លើរថក្រោះប្រយុទ្ធធុនធ្ងន់ តួយ៉ាងដូច ជារថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់៕