(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នឹងអញ្ជើញពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អគារមន្ទីរពេទ្យ «តេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះ សំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះ ប្រមាណ១,២០០នាក់។
ជាក់ស្ដែង នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ ន្ធចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីត្រៀមរៀបចំកម្មវិធីក្រោមអធិបតីភាពរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានណែនាំឲ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បើកសួនច្បារទ្រូងមហាវិថឺឈ្នះឈ្នះ មុខមន្ទីរពេទ្យនោះ ទំហំ១២០ ម៉ែត្រ និងដាក់លូខ្នាតធំ អមសងខាងអគារមន្ទីរពេទ្យ ភ្ជាប់ទៅប្រឡាយ៧០ម៉ែត្រ ក្រោយអគារ ដើម្បីបើកផ្លូវចូលមន្ទីរពេទ្យ និងដើម្បីរំដោះទឹកចេញពីបរិវេណមន្ទីរពេទ្យនេះ។
គួរបញ្ជាក់ថា មន្ទីរពេទ្យនេះមាន អគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន៥២៧គ្រែ។ អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) សរុបចំនួនគ្រែអ្នកជំងឺពីអគារ (H1 ដល់ H7) មានចំនួន ៩,៤៩៦គ្រែ, គ្រែបុគ្គលិកពេទ្យប្រចាំការ ចំនួន៤៦គ្រែ, គ្រែបុគ្គលិក ស្នាក់នៅ ចំនួន២០៦គ្រែ។
អគារនេះ ក៏មានចំណតរថយន្ត (P) មានផ្ទៃក្រឡា ៧,០២៦ម៉ែត្រការ៉េ ចតរថយន្តបានចំនួន២១០ គ្រឿង។ សួនច្បារ (G3) មានសួនបៃតង ៤,៤៩០ម៉ែត្រការ៉េ។ អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានតែសរុបចំនួន ២៣៤គ្រែ។ សម្រាប់អគារ A, S, E, H1, H2, H3, H4, H5, H6, H7, T1, T2 ដែលអគារនីមួយៗ សុទ្ធតែ មានមុខងារសំខាន់ៗជាពិសេស អគារ T1,T2។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយ ក្រុមហ៊ុន ស៊ីជេអុីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលីតាមបែប សាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោម វត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, ឯកឧត្តម ឃួង ស្រេង អភិបាលរាជ ធានីភ្នំ ពេញ និងលោកស្រី ដោយមានឈ្មោះថា «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព»។មន្ទីរពេទ្យជាតិ ដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឲ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។ «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេស កម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពទទួល អ្នកជំងឺ ដោយមិនមានការព្រួយបារម្ដនោះទេ ដោយមន្ទីរពេទ្យនេះ បំពាក់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ ទំនើបៗ ស្របតាមលក្ខណៈស្តង់ដារ៕