(មូស្គូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃចន្ទ (១៦ មករា) ថា រថក្រោះដែល អង់គ្លេសគ្រោងនឹងបញ្ជូនទៅកាន់អ៊ុយក្រែន «នឹងឆេះក្លាយជាផេះ» ដោយព្រមានលោកខាងលិចថា ការផ្គត់ផ្គង់អាវុធទំនើបៗបន្ថែមទៀតដល់អ៊ុយក្រែន នឹងមិនផ្លាស់ប្តូរលទ្ធផលនៃសង្រ្គាមនោះទេ។
ចាប់តាំងពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាកងទ័ពចូលអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានផ្តល់អាវុធរាប់សិបពាន់លានដុល្លារ រួមទាំងប្រព័ន្ធ រ៉ុក្កែត យន្តហោះគ្មានមនុស្សបើក រថពាសដែក និងប្រព័ន្ធទំនាក់ទំនងដល់អ៊ុយក្រែន។
អង់គ្លេសបានប្រកាសកាលពីថ្ងៃសៅរ៍កន្លងទៅថា ខ្លួននឹងបញ្ជូនរថក្រោះប្រយុទ្ធ Challenger 2 ចំនួន ១៤គ្រឿង ក៏ដូចជាកាំភ្លើងធំទំនើបផ្សេងទៀតនៅក្នុងសប្តាហ៍ខាងមុខនេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅពេលសួរអំពីរថក្រោះអង់គ្លេស ថា «ពួកគេកំពុងប្រើប្រាស់ប្រទេសនេះជាឧបករណ៍មួយ ដើម្បីសម្រេចបាននូវគោលដៅប្រឆាំង រុស្ស៊ី»។ លោក Peskov បានសង្កត់ធ្ងន់ថា «រថក្រោះទាំងនេះនឹងឆាបឆេះ ហើយអាវុធផ្សេងទៀត ក៏នឹងឆេះដូចគ្នាដែរ»។
អ្នកនាំពាក្យវិមានក្រឹមឡាំងបានបន្ថែមថា ការផ្គត់ផ្គង់ថ្មីពីប្រទេសដូចជាអង់គ្លេស និងប៉ូឡូញ នឹង មិនផ្លាស់ប្តូរស្ថានភាពនៅលើដីនោះទេ ប៉ុន្តែជាការប៉ុនប៉ងដើម្បីទាញជម្លោះ ដែលលោកបាន និយាយថា នៅទីបំផុតនឹងនាំមកនូវ «បញ្ហាកាន់តែច្រើន» លើអ៊ុយក្រែន៕