(អង់ការ៉ា)៖ តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ គឺ ប្រធានាធិបតីតួកគី លោក តាយយ៉ីប អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយ ថាស៊ុយអែត និងហ្វាំងឡង់ ត្រូវតែបណ្ដេញ ឬធ្វើបត្យាប័នភេរវករ ១៣០នាក់ មកកាន់ប្រទេសតួកគី ជាមុនសិន មុននឹងសភាតួកគីផ្ដល់សច្ចាប័នលើសំណើសុំចូលជាសមាជិកបក្សសម្ព័ន្ធយោធា NATO។
លោក អឺដូហ្កាន់ ធ្វើការកត់សម្គាល់ខាងលើកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដោយចង់រំឮក ឡើងវិញពីសន្និសីទសារព័ត៌មានរួមគ្នាដែលលោកបានធ្វើជាមួយ នាយករដ្ឋមន្ត្រីស៊ុយអែតកាល ពីខែវិច្ឆិកា ឆ្នាំ២០២២។ ប្រធានាធិបតីតួកគីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើអ្នកមិនព្រមប្រគល់ភេរវករមកឱ្យពួកយើង ទេ នោះយើងក៏មិនអាចអនុម័តពាក្យសុំចូល NATO របស់អ្នកតាមរយៈសភាបាននោះ ដែរ…ដើម្បីឱ្យសភាអនុម័ត រឿងដែលអ្នកត្រូវធ្វើដំបូងគេ គឺប្រគល់ភេរវករ ១៣០នាក់មកឱ្យពួក យើង»។
សូមបញ្ជាក់ថា ស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យសុំចូលជាសមាជិក NATO កាលពីឆ្នាំ ២០២២កន្លងទៅ ហើយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ត្រូវបានប្រទេសទាំង២ យក មកសំអាងពីភាពចាំបាច់ក្នុងការចូលរួមជាមួយបក្សសម្ព័ន្ធយោធាមួយនេះ។ ប៉ុន្តែ ដើម្បីអាចក្លាយជា សមាជិក ប្រទេសទាំង២ ត្រូវតែ ទទួលបានការអនុម័តយល់ព្រមពីប្រទេសជាសមាជិក NATO ទាំង៣០ប្រទេស ខណៈតួកគី និងហុងគ្រី មិនទាន់អនុម័តលើពាក្យសុំនេះនៅឡើយទេ៕