(បាងកក)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣ អោយដឹងថា មេដឹកនាំដែលកាន់អំណាចយូរអង្វែងរបស់ប្រទេសថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្តេជ្ញាបន្តការងារគ្រប់គ្រងប្រទេស ក្រោមគណបក្សនយោបាយថ្មីមួយ ដោយបង្ហាញពីការប្រឹងប្រែងដើម្បីបន្តធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំនេះ។
ឧត្តមសេនីយ៍ចូលនិវត្តន៍អាយុ ៦៨ឆ្នាំ ដែលបានកាន់អំណាចចាប់តាំងពីបានដឹកនាំរដ្ឋប្រហារ ក្នុងឆ្នាំ២០១៤ កាលពីដើមខែមុនបាននិយាយថា គាត់ត្រៀមខ្លួនជាស្រេចដើម្បីបន្តទៅមុខទៀត បើទោះបីជារដ្ឋធម្មនុញ្ញបានកំណត់ឱ្យគាត់ត្រឹមតែពីរឆ្នាំបន្ថែមទៀតក៏ដោយ។
លោក ប្រាយុទ្ធ បានប្រាប់អ្នកគាំទ្រប្រហែល ១០,០០០នាក់នៅឯពិធីសម្ពោធគណបក្សបង្រួប ង្រួមជាតិថៃថ្មី (United Thai Nation) ដែលលោកបានចូលរួមថា «រឿងជាច្រើនត្រូវបន្ត ហើយត្រូវ ធ្វើបន្ថែមទៀតដើម្បីឱ្យប្រទេសឆ្ពោះទៅមុខ…ខ្ញុំមកទីនេះថ្ងៃនេះ មិនមែនមកពីខ្ញុំចង់បានអំណាចទេ ប៉ុន្តែដោយសារថៃត្រូវបន្តទៅមុខ»។
លោក ប្រាយុទ្ធ មិនទាន់រំលាយសភា ហើយការបោះឆ្នោតត្រូវតែធ្វើឡើងនៅខែឧសភាឆ្នាំនេះ យោង តាមរដ្ឋធម្មនុញ្ញ។ គណបក្សថ្មីដែលដឹកនាំដោយឥស្សរជនបែបអភិរក្សរបស់ប្រទេសនេះ នៅមិនទាន់ប្រកាសបេក្ខជនជានាយករដ្ឋមន្ត្រីនៅឡើយទេ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលកាន់អំណាចជាងប្រាំបីឆ្នាំរបស់គាត់ លោក ប្រាយុទ្ធ បានរួចផុតពីបញ្ហា ប្រឈមជាច្រើន តាមរយៈសំណុំរឿងតុលាការ ការបោះឆ្នោតដកទំនុកចិត្ត និងការតវ៉ាតាមដងផ្លូវ ដោយគូប្រជែងផងដែរ៕