(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធ កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនរបស់ កីឡាទូកប្រពៃណីខ្នាតអន្ដរជាតិ «ទូកនាគ» នៅកម្ពុជា ហើយលោកបានផ្ដល់អនុសាសន៍ ៨ចំណុច ដើម្បីជំរុញប្រភេទកីឡានេះ ឆ្ពោះទៅរកគុណផលកម្រិតខ្ពស់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើក ទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានាពេលឆាប់ៗខាងមុខ។ការលើកឡើងនេះ បន្ទាប់ពីរដ្ឋមន្ដ្រីបាន អញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ-មន្រ្តី សហព័ន្ធ និងគ្រូបង្វឹក កីឡាករ-កីឡាការិនីជម្រើសជាតិ នៃកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) នៅល្ងាចថ្ងៃទី០៩ ខែមករានេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ត្រៀមការប្រកួតកីឡាស៊ីហ្គេម ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានាខែឧសភាខាងមុខ បន្ទាប់ពីរង់ចាំអស់ រយៈពេល ៦៤ឆ្នាំ។
ឯកឧត្តម រដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានសម្ដែងនូវសេចក្តីសោមន្សរីករាយ ចំពោះការខិតខំប្រឹងប្រែង របស់គ្រប់ភាគីពាក់ព័ន្ធនាពេលកន្លងមក។ ការរៀបចំការប្រកួតជាច្រើន ក៏ដូចជាការចូលរួមព្រឹត្តិ ការណ៍អន្តរជាតិនានា ពិតជាបានផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី បញ្ចេញនូវទេពកោសល្យ និងជាការវាស់ស្ទង់នូវសមត្ថភាពបច្ចេកទេស ដែលបានខិតខំហ្វឹកហាត់ ហើយលទ្ធផលទាំងអស់ គឺជាបទពិសោធន៍មួយដ៏ល្អសម្រាប់កីឡាករ-កីឡាការិនី ដើម្បីត្រៀមលក្ខណៈស៊ីហ្គេម។
ចំពោះកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» នៅកម្ពុជានេះដែរ លោកសង្កេតឃើញថា នាពេលបច្ចុប្បន្ន ប្រភេទកីឡានេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងគាំទ្រជាបណ្តើរៗពី មហាជន។ ទន្ទឹមជាមួយគ្នា សមត្ថភាពរបស់កីឡាករ-កីឡាការិនី ក៏មានការរីកចម្រើនគួរឲ្យកត់ សម្គាល់ជាអាទិ៍ ក្នុងការចូលរួមពីរកីឡាករជាយុវជន ជាថ្នាល និងជាកម្លាំងចលករ ស្របតាមយុទ្ធ សាស្ត្រឆ្ពោះទៅថ្ងៃអនាគត។ ក្នុងនាមសហព័ន្ធ រដ្ឋមន្ដ្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងនេះ។
ដើម្បីឲ្យប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ឬហៅថា «ទូកនាគ» កាន់តែមានវឌ្ឍនភាពទាំង បរិមាណ និងគុណភាពបច្ចេកទេសខ្ពស់ អាចចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ លោក ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍គន្លឹះចំនួន ៨ចំណុច រួមមាន៖
១- ត្រូវរៀបចំផែនយុទ្ធសាស្ត្រការងារ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងការរៀបចំ ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម SEA Games លើកទី៣២ ឆ្នាំ២០២៣ ឱ្យបានច្បាស់លាស់ ដើម្បីដណ្តើមភាពជោគជ័យជូនជាតិឱ្យ ខាងតែបាន។
២- កីឡាករ-កីឡាការិនី ត្រូវថែរក្សាសុខភាពអោយបានល្អ គោរពវិន័យក្នុងការហ្វឹកហាត់ បង្កើន សម្ថតភាពរបស់ខ្លួនឱ្យកាន់តែខ្លាំង ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះលើគូប្រកួត។
៣- ត្រូវរៀបចំឱ្យមានធនធាន និងសម្ភារៈហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ដើម្បីងាយស្រួលក្នុងការហ្វឹក ហាត់ប្រចាំថ្ងៃរបស់កីឡាករ-កីឡាការិនី។
៤- ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ដោយផ្តោតសំខាន់លើការបំពេញមុខងារ របស់គណៈកម្មការជំនាញនីមួយៗប្រកបដោយការយកចិត្តទុកដាក់ និងភាពទទួលខុសត្រូវខ្ពស់។
៥- ត្រូវពង្រឹង សមត្ថភាពមន្ត្រីបច្ចេកទេស និងចៅក្រម ឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណ ភាពសមស្របតាមស្តង់ដារបច្ចេកទេស ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួតបានគ្រប់កម្រិត។
៦- ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភនានាបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ ប្រកួតឱ្យបានកាន់តែច្រើន តាមដែលអាចធ្វើទៅបាន។
៧- ត្រូវជំរុញការផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធឱ្យបាន ទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន សាធារណជន ជាតិ-អន្តរជាតិ ឱ្យកាន់តែ ច្រើនបន្ថែមទៀត។
៨- ត្រូវបង្កើនកិច្ចសហការទំនាក់ទំនងជាមួយសារព័ត៌មាន ដើម្បីឱ្យជួយបំផុសនិយមន័យកីឡា ស៊ីហ្គេម ឆ្នាំ២០២៣នេះគឺកីឡារស់ក្នុងសន្តិភាព និងអរគុណសន្តិភាព៕