(ឡុងដ៍)៖ តាមការដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ គឺ សារព័ត៌មាន Sky News បានរាយការណ៍ថាចក្រភពអង់គ្លេស កំពុង ពិចារណាផ្ដល់រថក្រោះប្រយុទ្ធជាច្រើនគ្រឿង ឱ្យអ៊ុយក្រែនយកទៅប្រើប្រាស់នៅក្នុង សង្រ្គាមប្រឆាំង នឹងការឈ្លានពានរបស់រុស្ស៉ី បន្ទាប់ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំងប្រកាសផ្ដល់រថក្រោះ ធុនតូចដល់ទីក្រុងកៀវ។
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីលោកខាងលិចក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន Sky News បានឱ្យដឹងទៀតថា កិច្ចពិភាក្សាពីផែនការ ផ្ដល់រថក្រោះប្រយុទ្ធឱ្យអ៊ុយ ក្រែន កើតមានឡើងកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ហើយរថក្រោះដែលកំពុងស្ថិតក្នុងការ ពិចារណា គឺជាប្រភេទរថក្រោះប្រយុទ្ធ Challenger 2។
ការផ្គត់ផ្គង់រថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែន ជានិមិត្តរូបដ៏សំខាន់មួយដែលបង្ហាញពីការប្ដេជ្ញា ចិត្តគាំទ្រ របស់លោកខាងលិចចំពោះអ៊ុយក្រែន។ ប៉ុន្តែបើតាម Sky News រដ្ឋាភិបាលចក្រភពអង់គ្លេសមិន ទាន់ធ្វើការសម្រេចចិត្តចុងក្រោយណាមួយ លើការផ្ដល់រថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែននៅឡើយទេ ខណៈទីក្រុងឡុងដ៍ត្រូវបានគេរំពឹងថា អាចនឹងផ្ដល់រថក្រោះប្រយុទ្ធ Challenger 2 ចំនួន ១០គ្រឿ ងឱ្យទីក្រុងកៀវ ក្នុងករណីមានការសម្រេចចិត្តជាផ្លូវការ៕