អ៊ីរ៉ង់ ព្រមានបារាំងពីផលវិបាក ជុំវិញការប្រើរូបថ្លុកប្រមាថមេដឹកនាំកំពូលរបស់ខ្លួន

 (តេហេរ៉ង់)៖  យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធសប្តាហ៍នេះ បានព្រមានពីផលវិបាកចំពោះ ប្រទេសបារាំង បន្ទាប់ពីទស្សនាវដ្ដី ឆាលី អេបដូ (Charlie Hebdo) បានបោះពុម្ពរូបថ្លុកដែលពណ៌ នា អំពីមេដឹកនាំកំពូលអ៊ីរ៉ង់ គឺលោក អាយ៉ាតុឡោះ អាលី ខាម៉េណៃ (Ayatollah Ali Khamenei) ដែលទីក្រុងតេហេរ៉ង់ចាត់ទុកថាជាការប្រមាថ។ ក្នុងការបោះពុម្ភផ្សាយប្រចាំសប្តាហ៍ ទស្សនាវដ្ដី ឆាលី អេបដូ បានបោះពុម្ពរូបថ្លុករាប់សិបក្បាលដែលសើចចំអកដល់ឥស្សរជនសាសនា និងនយោ បាយជាន់ខ្ពស់របស់អ៉ីរ៉ង់ ដែលជាផ្នែកមួយនៃគាំទ្រដល់ក្រុមបាតុករអ៉ីរ៉ង់។

រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀ អាប់ដូឡាហ៉ីយ៉ាន (Hossein Amir-Abdollahian) បានសរសេរនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «ទង្វើប្រមាថ និងគួរឱ្យស្អប់នៃទស្សនា វដ្ដីបារាំង ជាមួយការបោះពុម្ភផ្សាយនូវរូបភាពថ្លុកប្រឆាំងនឹងប្រមុខសាសនា និងនយោបាយ នឹង មិនអាចប្រព្រឹត្តទៅដោយសេរី ឬគ្មានការឆ្លើយតប ប្រកបដោយប្រសិទ្ធភាព ឬជាក់លាក់នោះទេ។ យើងនឹងមិនអនុញ្ញាតឲ្យរដ្ឋាភិបាលបារាំងដើរហួសពីព្រំដែនទេ។ ពួកគេពិតជាបានជ្រើសរើសផ្លូវខុស»។ យ៉ាងនេះក្តី លោក អាប់ដូឡាហ៊ីយ៉ាន មិនបានបញ្ជាក់ថាអ្វី ជាផលវិបាក ដែលអ៉ីរ៉ង់នឹងឆ្លើយតបនោះទេ។

គួរបញ្ជាក់ថា រូបថ្លុកត្រូវបានក្រុមអ្នកគាំទ្រចាត់ទុកថាជាសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែអ្នករិះគន់ បានចាត់ទុកថាជាការបង្កហេតុដោយគ្មានភាពចាំបាច់ របស់ទស្សនាវដ្តី Charlie Hebdo ដែលបាន បង្កឲ្យមានភាពចម្រូងចម្រាសសូម្បីតែនៅក្នុងប្រទេសបារាំងក៏ដោយ៕