អ៊ុយក្រែន ទាត់ចោលបទឈប់បាញ់ឯកតោភាគីរបស់រុស្ស៉ី ខណៈត្រៀមទទួលរថពាសដែកប្រយុទ្ធ​ពីអាមេរិក និងអាល្លឺម៉ង់

 (កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​​ AFP នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ ២០២៣  អោយដឹងថា អ៊ុយក្រែនបានទាត់ចោលបទឈប់បាញ់ឯកតោភាគីរយៈពេល៣៦ម៉ោង ប្រកាសដោយរុស្ស៉ី ដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃសុក្រនេះ ខណៈមេដឹកនាំសហរដ្ឋអាមេរិក និង អាល្លឺម៉ង់ បាននិយាយថា ពួកគេកំពុងបញ្ជូនរថពាសដែកប្រយុទ្ធឱ្យទីក្រុងកៀវ។

បើតាមក្រុមមន្ត្រីអាមេរិក កញ្ចប់ជំនួយយោធាថ្មីមួយនឹងត្រូវបានប្រកាសនៅថ្ងៃសុក្រនេះ (ម៉ោងនៅ វ៉ាស៊ីនតោន) ដោយក្នុងនោះត្រូវបានគេរំពឹងថាអាចនឹងមានរួមបញ្ចូលទាំងរថពាសដែក ប្រយុទ្ធ Bradley ចំនួន៥០គ្រឿង នៅក្នុងកញ្ចប់ជំនួយយោធាថ្មីនេះដែលគិតជាទឹកប្រាក់ ២.៨ពាន់លាន ដុល្លារ។ ថ្លែងប្រាប់សារព័ត៌មាន លោកប្រធានាធិបតី ចូ បៃដិន បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន សង្រ្គាម នៅអ៊ុយក្រែនបានឈានចូលដល់ដំណាក់កាលមួយដ៏សំខាន់ ហើយសហរដ្ឋអាមេរិកបាន និងកំពុង ធ្វើអ្វីៗគ្រប់យ៉ាងដែលអាចជួយដល់អ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។

ដោយឡែក ខាងអាល្លឺម៉ង់ឯណោះវិញ ក៏បានប្រកាសបញ្ជូនរថពាសដែកប្រយុទ្ធ​ Marder ហើយក៏ អាចនឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ឱ្យអ៊ុយក្រែនផងដែរ។ មិនតែប៉ុណ្ណោះ សហរដ្ឋ អាមេរិកនិងអាល្លឺម៉ង់ថែមទាំងបានឯកភាពគ្នាទៀតថានឹងជួយបណ្ដុះបណ្ដាលទាហានអ៊ុយក្រែនពីរបៀបប្រើប្រាស់អាវុធទាំងនេះ៕