(ភ្នំពេញ)៖ ដើម្បីពង្រឹងប្រសិទ្ធភាព និងការទទួលខុសត្រូវលើការងារជំនាញរបស់ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់នូវអនុ សាសន៍គន្លឹះ ចំនួន៩ចំណុចសំខាន់ៗ។
ការផ្ដល់អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
អនុសាសន៍គន្លឹះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញក្នុងឱកាសនោះរួមមាន៖
*ទី១៖ សូមបន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទាន សេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែល ជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើត មុខរបរ និងបង្កើនប្រាក់ចំណូល
*ទី២៖ ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេស វិវាទដីធ្លីដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនា-សង្គម បង្កភាពអនុគ្រោះ ដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់ បន្ថយភាពក្រីក្រ
*ទី៣៖ ត្រូវបន្តពង្រីកវិសាលភាពនៃការអនុវត្តគម្រោងសាងសង់ស្ថានីយវាស់វែងអចិន្រ្តៃយ៍ ដោយ ផ្កាយរណបសម្រាប់ ការគ្រប់គ្រងដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានទូទាំងប្រទេស
*ទី៤៖ ត្រូវពង្រឹងការអនុវត្តច្បាប់សំណង់ ទាំំងលើការងារសាងសង់ និងការត្រួតពិនិត្យសំណង់ដើម្បី ធានាបង្កើនគុណភាព សុវត្ថិភាព និងសុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និង សាធារណជន។ ទន្ទឹមនោះ ត្រូវបន្តការយកចិត្តទុកដាក់ការពារសំណង់អគារបេតិកភណ្ឌ និងជំរុញ ការចុះបញ្ជីទីតាំងតំបន់ការពារបុរាណដ្ឋានជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
*ទី៥៖ សូមបន្តលើកទឹកចិត្ត និងគាំទ្រគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ សំដៅលើកកម្ពស់ សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានលំនៅឋានសមរម្យ។ បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែកដីជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះដី និងបន្តអនុវត្ត ចែកដី និងផ្ទះជូនកងកម្លាំងប្រ ដាប់អាវុធកំពុងឈរជើងនៅតាមព្រំដែន
*ទី៦៖ ត្រូវជំរុញការអភិរក្សនៅតំបន់រមណីយដ្ឋានអង្គរ ស្របគ្នានឹងការអភិវឌ្ឍនៅតំបន់អភិវឌ្ឍ រុនតាឯក និងតំបន់ពាក់ស្នែកជូនបងប្អូនប្រជាពលរដ្ឋ ដែលស័្មគ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋាន អង្គរទៅតាំងទីលំនៅថ្មីនៅតំបន់នោះ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយគាំទ្រផ្នែក សង្គមកិច្ច និងផ្នែកហេដ្ឋារចនសម្ព័ន្ធដែលរាជរដ្ឋាភិបាលបានដាក់ចេញ
*ទី៧៖ ត្រូវបន្តដោះស្រាយបញ្ហាជូនប្រជាជនដែលរស់នៅជាភូមិករនៅជុំវិញបឹងទន្លេសាប ដោយ ធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ កែសម្រួលព្រំប្រទល់តំបន់៣ ព្រំប្រទល់តំបន់២ និងកាត់ ឆ្វៀលទីតាំងដី ដែលប្រជាជនរស់នៅពីយូរលង់មកហើយក្នុងតំបន់៣ និងតំបន់២ ឱ្យចប់នៅ ខែ ឧសភា ឆ្នាំ២០២៣
*ទី៨៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងគណៈកម្មាធិការគ្រប់ គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តទាំង៤ ត្រូវជំរុញរៀបចំផែនការអភិរក្ស ការពារ និងអភិវឌ្ឍ តំបន់ឆ្នេរដើម្បីគាំទ្រដល់ការអភិរក្ស និងការអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយប្រសិទ្ធភាព ចីរភាព និង សមធម៌ ឱ្យស័ក្តិសមជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកល-លោក និងជាតារារៈ នៅទិសនិរតី
*ទី៩៖ សូមរួមគ្នាបន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តឱ្យ បានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវា-សាធារណៈ ជូនប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់ របស់ប្រជាជន៕