ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូត ប្រទេសអាល់ ហ្សេរីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋ មន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជា មួយលោក Abdelhamid Boubazine ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេស អាល់ហ្សេរី ប្រចាំប្រទេសកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកទំនាក់ ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អាល់ហ្សេរី។

ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ បានសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងថ្លែងអំណរ គុណចំពោះ ឯកអគ្គរដ្ឋទូត នៃប្រទេសអាល់ហ្សេរី ប្រចាំនៅកម្ពុជា ដែលកន្លងទៅថ្មីៗនេះ បានខិតខំ ជួយសម្របសម្រួលដល់ប្រតិភូកម្ពុជា ក្នុងការទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអាល់ហ្សេរី ដែលទទួលបានលទ្ធផលផ្លែផ្កាវិជ្ជមានជាច្រើន គួរជាទីមោទនៈ។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ បានជម្រាបជូន ឯកអគ្គរដ្ឋទូត ពីសន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ភាពរីកចម្រើនជឿនលឿន សុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ឯកឧត្តម បានបញ្ជាក់ទៀតថា សម្រាប់សហគមន៍ឥស្លាមនៅកម្ពុជា រដ្ឋាភិបាលបានផ្ដល់ឱកាស និងលទ្ធភាព ដោយស្មើមុខស្មើមាត់ ដូចប្រជាពលរដ្ឋទូទៅ។ សហគមន៍ឥស្លាមកម្ពុជា មានឱកាស ចូលរួមបម្រើការងារ នៅស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងក្នុងជួររដ្ឋាភិបាល ចាប់ពីថ្នាក់ជាតិ ថ្នាក់ ក្រោមជាតិ រហូតដល់ថ្នាក់មូលដ្ឋានជាច្រើនរូប។

ក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលក៏បានផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជានូវគ្រូក្របខ័ណ្ឌរដ្ឋ និងគ្រូ ជាប់កិច្ចសន្យា ចំនួន១,៦៧៨នាក់ ហើយនៅពេលថ្មីៗនេះទៀត ក៏រដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូន ដល់បងប្អូនមុស្លិមបានធ្វើជាអភិបាលរង រាជធានី-ខេត្ត១២ ចំនួន១២រូប និងជាអភិបាលរង ក្រុង ស្រុក ខណ្ឌ៥០ ចំនួន៥០រូប ថែមទៀតផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត បានស្នើដល់រដ្ឋាភិបាលអាល់ហ្សេរី សូមផ្ដល់អាហារូបករណ៍ដល់ និស្សិតកម្ពុជាក្នុងគោលបំណងដើម្បីផ្ដល់ឱកាសឲ្យយុវជនជំនាន់ក្រោយមានឱកាសកាន់តែទូលំទូលាយ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន និងមានលទ្ធភាពខ្ពស់ក្នុងការចូលរួមអភិវឌ្ឍប្រទេស ជាតិនាពេលអនាគត។

ជាកិច្ចឆ្លើយតប លោក Abdelhamid Boubazine បានសន្យាថា ក្នុងនាមជាឯកអគ្គរដ្ឋទូត នៃ ប្រទេសអាល់ហ្សេរី ប្រចាំនៅកម្ពុជា នឹងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីពង្រឹង និងពង្រីក ទំនាក់ទំនង កិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា-អាល់ហ្សេរី។

ឯកអគ្គរដ្ឋទូតបានបន្តថា លោកសូមគាំទ្រនូវរាល់សំណើទាំងអស់ ពីភាគីកម្ពុជា ទាក់ទងនឹងការ អភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា។ លោកបានកោតសរសើរចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានសុខ សន្តិភាព គ្មានអំពើហិង្សា គ្មានការរើសអើង មានការរីកចម្រើន ដែលជាគំរូល្អសម្រាប់ពិភពលោក ទាំងមូល។

សូមជម្រាបថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងអាល់ហ្សេរី មានតាំងពីឆ្នាំ ១៩៦២មកម្ល៉េះ។ ហើយកាលពីអំឡុងឆ្នាំ១៩៧៣ សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបរមរតន កោដ្ឋ ទ្រង់យាងទៅបំពេញព្រះរាជទស្សនកិច្ច ទៅប្រទេសអាល់ហ្សេរីផងដែរ៕