(ហូជីមិញ)៖ តម្លៃមាសនៅក្រុមហ៊ុន Saigon Jewelry Holding Co របស់ប្រទេសវៀតណាម បានកើនឡើង ០,៧៤% ដល់ ៦៧លានដុង (២ ៨៣៧,១៨ដុល្លារ) ក្នុងមួយតម្លឹង កាលពីថ្ងៃចន្ទ តែតម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០,៧៤% មកនៅត្រឹម ៥៣,៨៥លានដុង (២២៥១,២៥) ក្នុងមួយ តម្លឹង (៣៧,៥ក្រាម)។ នេះបើយោងតាមកាសែត VN Express។
កាសែត VN Express បានរាយការណ៍ដោយដកស្រង់ យោងតាមក្រុមប្រឹក្សាមាសពិភពលោកបាន ឱ្យដឹងថា ការប្រើប្រាស់មាសនៅប្រទេសវៀតណាមបានកើនឡើងដល់ ៤៥,៦តោនក្នុងរយៈពេល ប្រាំបួនខែដំបូងនៃឆ្នាំ២០២២ ធៀបនឹង ៤៥ តោនក្នុងអំឡុងពេលដូចគ្នានៅក្នុងឆ្នាំ២០១៩ មុនពេល មានការរាតត្បាតកូវីដ-១៩។
ក្រុមប្រឹក្សាមាសពិភពលោកបានបន្ថែមថា នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ តម្រូវការមាសរបស់ប្រទេស វៀតណាមកើនឡើងជាងបីដងដល់ ១២តោនពោលគឺកើនឡើងពី ៣,៣តោនកាលពីឆ្នាំមុន។
តម្លៃមាសសកលនៅតែមិនប្រែប្រួលនៅថ្ងៃចន្ទ ដោយសារទីផ្សារភាគច្រើនបានបិទសម្រាប់ថ្ងៃ បុណ្យណូអែល៕