(បាងកក)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានអោយដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Traisuree Traisoranakul បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃកាលពីថ្ងៃអង្គារបាន អនុម័តទិសដៅអតិផរណារបស់ធនាគារកណ្តាលដែលមានចន្លោះពី ១ ភាគរយទៅ ៣ ភាគរយ សម្រាប់ឆ្នាំ២០២៣ ពោលគឺមិនផ្លាស់ប្តូរពីគោលដៅនៅឆ្នាំនេះ។
គោលដៅអតិផរណាដែលនាំផ្លូវគោលនយោបាយរូបិយវត្ថុត្រូវបានពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អតិផរណាមានអត្រា ៥,៥៥ភាគរយនៅក្នុងខែវិច្ឆិកា ដែលខ្ពស់ ជាងទិសដៅរបស់ធនាគារកណ្តាលថៃ ដែលបង្ហាញថា ធនាគារកណ្តាលថៃនឹងបន្តដំឡើងអត្រាការ ប្រាក់គោលរបស់ខ្លួនដើម្បីទប់ស្កាត់សម្ពាធតម្លៃ។
ធនាគារកណ្តាលថៃបានព្យាករណ៍ថា អតិផរណាមានកម្រិតមធ្យមចំនួន ៦,៣ភាគរយនៅឆ្នាំនេះ មុនពេលធ្លាក់ចុះមកត្រឹម ៣ភាគរយនៅឆ្នាំក្រោយ។
ធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់គោលសរុបចំនួន ៧៥ពិន្ទុមូលដ្ឋាន ឬស្មើនឹង ០,៧៥ ភាគរយគិតចាប់តាំងពីខែសីហាមកដែលធ្វើឱ្យអត្រាការប្រាក់កើនឡើងដល់ ១,២៥ភាគរយ ហើយ សេដ្ឋវិទូ រំពឹងថានឹងមានការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅក្នុងកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី២៥ ខែមករា ឆ្នាំក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕