(មូស្គូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ ២០២២ បានបញ្ជាក់ថា អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) ជាមនុស្សមានភក្ដីភាពបំផុតចំពោះលោក ពូទីន បានព្យាករថានឹងមានសង្រ្គាមផ្ទុះឡើងរវាង អាល្លឺម៉ង់ និងបារាំងនៅឆ្នាំ២០២៣ ព្រមទាំងសង្រ្គាមស៊ីវិល នៅក្នុងសហរដ្ឋអាមេរិកដែលត្រួស ត្រាយផ្លូវឱ្យមហាសេដ្ឋី លោក Elon Musk កា្លយជាប្រធានាធិបតី។
លោក ម៉េដវ៉េដេវ បច្ចុប្បន្នគឺជាអនុប្រធាននៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី និងធ្លាប់កាន់តំណែង ជាប្រធានាធិបតីរុស្ស៉ីបានមួយអាណត្តិ នៅពេលដែលលោក ពូទីនកាន់តំណែងជា នាយករដ្ឋមន្ត្រី។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ លោក ម៉េដវ៉េដេវ ត្រូវបានគេរាយការណ៍ថាបានទទួល ការតែងតាំងមុខងារថ្មីបន្ថែមទៀត នោះគឺជាអនុប្រធានរបស់ លោក ពូទីន នៅក្នុងស្ថាប័នមួយ ដែលមានតួនាទីត្រួតពិនិត្យលើឧស្សាហកម្មយោធារុស្ស៉ី។
នៅក្នុងការព្យាកររបស់លោកសម្រាប់ឆ្នាំ២០២៣ បង្ហោះលើគណនី Telegram និង Twitter អតីតប្រធានាធិបតីរុស្ស៉ីរូបនេះក៏បានព្យាករផងដែរថាចក្រភពអង់គ្លេសអាចនឹង ត្រឡប់ទៅចូលរួម ជាមួយសហភាពអឺរ៉ុបវិញ ដែលនៅទីបំផុតទៅនឹងត្រូវដួលរលំ។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ នយោបាយមកពីសាកលវិទ្យាល័យ University College London លោក វ្ល៉ាឌីមៀ ផាស្ទូកហូវ (Vladimir Pastukhov)បានកត់សម្គាល់ថាការចេញមុខចេញមាត់របស់លោក ម៉េដវ៉េដេវ គឺដើម្បី ស្វែងរកការគាំទ្រ និងតម្រួវចិត្តលោក ពូទីន។ លោក ផាស្ទូកហូវ បានបន្ថែមដូច្នេះថា «ការបង្ហោះ សាររបស់លោក ម៉េដវ៉េដេវ នៅលើ Telegram មានមនុស្សម្នាក់ដែលលោកចង់ឱ្យឃើញ និងអាន ជាងគេ នោះគឺ លោក ពូទីន»៕