(ញូវយ៉ក)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ អោយដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអំពាវនាវឱ្យរដ្ឋាភិបាលដឹកនាំដោយក្រុមតាលីបង់ លុបចោលការរឹតត្បិតទាំងឡាយលើស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន អមជាមួយការបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីការ គាបសង្កត់សិទ្ធិមនុស្សនៅក្នុងប្រទេសមួយនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន១៥ប្រទេស បាន បញ្ជាក់ថាខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការរឹតត្បិតលើ ការសិក្សារបស់ស្ត្រី ហើយបានអំពាវនាវឱ្យមានការចូលរួមយ៉ាងពេញលេញ និងប្រកបដោយតម្លាភាពរបស់ស្ត្រី និងក្មេង ស្រីនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ សេចក្ដីថ្លែងការណ៍នេះដដែល ក៏បានជំរុញឱ្យក្រុមតាលីបង់ អនុញ្ញាតឱ្យស្ត្រីចូលរៀនឡើងវិញ និងលុបចោលជាបន្ទាន់នូវគោលនយោបាយរឹតត្បិតដែលមាន ការគាបសង្កត់ លើសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ព្រមទាំងថ្កោលទោសផងដែរចំពោះ ការហាមមិនស្ត្រីអាហ្វហ្កានីស្ថាន ធ្វើការនៅតាមអង្គការក្រៅរដ្ឋាភិបាលបរទេសនានា ដែលអាចនឹង បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការផ្ដល់ជំនួយ ដែលប្រជាជនអាហ្វហ្កានីស្ថានរាប់លាននាក់ពឹង ផ្អែក។
គួរបញ្ជាក់ថា ក្រៅតែពីហាមឃាត់ស្ត្រីចូលរៀនថ្នាក់សាកលវិទ្យាល័យ ក្រុមតាលីបង់ក៏បានហាម មិនស្ត្រី ធ្វើការនៅតាមអង្គការក្រៅរដ្ឋាភិបាលបរទេសដែរ ហើយកាលពី ថ្ងៃអាទិត្យសប្ដាហ៍មុន អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិជាច្រើនបានប្រកាសផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្ដោះអាសន្ន នៅក្នុងអាហ្វហ្កានីស្ថាន៕