(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) អញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ន្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន ៣,៤៥៨,២០០,០០០រៀល របស់រាជរដ្ឋាភិបាលជូនដល់ម្ចាស់ជ័យលាភីមេដាយ និងគ្រូបង្វឹក គ្រូជំនួយពីការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា នៅប្រទេសវៀតណាម។
ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជយលាភីមេដាយ និងគ្រូបង្វឹក គ្រូជំនួយពីការចូលរួម ប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធមួយចំនួន ទៀត នៅទីស្តីការក្រសួងការពារជាតិ។
ជ័យលាភីជាម្ចាស់ម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធ មានចំនួន៩៣នាក់ ព្រមទាំងគ្រូបង្វឹក និង គ្រូជំនួយ ៤២នាក់ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល។ តាមអនុក្រឹត្យរាជរដ្ឋាភិបាល មេដាយមាស១គ្រឿង (១វិញ្ញាសា) ទទួលបាន ៤០លានរៀល, មេដាយប្រាក់១គ្រឿងទទួលបាន ៣០លានរៀល និងមេដាយសំរឹទ្ធ១គ្រឿង ទទួលបាន ១៦ លានរៀល។
សរុបម្ចាស់មេដាយមាស ប្រាក់ សំរឹទ្ធ និងគ្រូបង្វឹក គ្រូជំនួយពីស៊ីហ្គេម លើកទី៣១ រាជរដ្ឋាភិបាល កម្ពុជាបានចំណាយថវិកាប្រមាណជិត ៤០០០លានរៀល។ គ្រូបង្វឹកទទួលបានប្រាក់រង្វាន់ ១០០% ស្មើនឹងកម្រិតមេដាយខ្ពស់ជាងគេ។ គ្រូជំនួយទទួលបាន ៧០%នៃមេដាយដែលអត្តពលិករបស់ ខ្លួនដណ្តើមបាន។
នៅចំពោះមុខកីឡាករ កីឡាការិនី, សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរចំពោះការ ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, សហព័ន្ធកីឡាជាតិ ជាពិសេសគ្រូបង្វឹក កីឡាករ កីឡា ការិនីជម្រើសជាតិទាំងអស់ ដែលបានរួមកម្លាំងគ្នារួមស្មារតី និងមានការប្តេជ្ញាចិត្តខ្ពស់ រហូតទទួល បានជ័យជម្នះ និងសមិទ្ធផលគួរជាទីសាទរជូនជាតិមាតុភូមិ។ លទ្ធផលទាំងនេះ ពិតជាបាន បង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលក្នុងការជំរុញវិស័យកីឡាកម្ពុជាឱ្យបានស្មើមុខ ស្មើ មាត់ទាំងក្នុងតំបន់ និងអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏សូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់សហព័ន្ធកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី បើទោះបីស្ថិតក្នុងកាលៈទេសៈការរីករាល ដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស តំបន់ និងពិភពលោកក្តី ប៉ុន្តែកីឡាករ កីឡាការិនី នៅតែខិត ខំប្រឹងប្រែងហ្វឹកហាត់ចូលរួមប្រកួតរហូតទទួលបានជយលាភីជាមោទនភាពសម្រាប់ប្រទេសកម្ពុជា។ ជោគជ័យនេះ បានបង្ហាញពីវិស័យកីឡាកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ មានវឌ្ឍនភាព ល្អប្រសើរ ទាក់ទិននឹងគុណភាពកីឡាករ កីឡាការិនី។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគលើវិស័យកីឡាជាតិកាន់តែច្រើនឡើងៗនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់រឹង តាមរយៈការសាងសង់ ជួសជុលទីលានប្រកួតគ្រប់ប្រភេទ ការហ្វឹកហាត់ បណ្តុះ បណ្តាលធនធានមនុស្សជំនាញកីឡាទាំងក្នុង និងក្រៅប្រទេសការជួយឧបត្ថម្ភគាំទ្រគ្រប់ពេលវេលា គ្រប់ទីកន្លែង ការលើកកម្ពស់បំប៉នអាហាររូបត្ថម្ភប្រចាំថ្ងៃដល់ក្រុមជម្រើសជាតិ និងលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនីជយលាភីមេដាយមាស ប្រាក់ សំរិទ្ធ ក្នុងការប្រកួតអន្តរជាតិគ្រប់កម្រិត។
រាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ យុវជន និងកីឡា រួមជា មួយនឹងការគាំទ្រដ៏ផុលផុសរបស់ប្រជាជនកម្ពុជាគ្រប់រូបនៅរាល់ព្រឹត្តិការណ៍ប្រកួតកន្លងមក បាន នាំមកនូវបទពិសោធន៍ ចំណងមិត្តភាព ស្មារតីស្រឡាញ់ជាតិ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានាឱ្យកាន់តែសម្បូរបែប និងខ្លាំងក្លាឡើងថែមទៀត ជាពិសេសស័ក្តិសមនឹង ពាក្យថា «កីឡាជាទូតមួយដ៏សំខាន់លើឆាកអន្តរជាតិ» «អរគុណសន្តិភាព កីឡារស់ក្នុងសន្តិភាព»។
សូមបញ្ជាក់ថា កម្ពុជាដណ្តើមបានមេដាយពីកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហា ណូយ ប្រទេសវៀតណាម លើ១៥ ប្រភេទកីឡា ក្នុងនោះមាស៩គ្រឿង ប្រាក់១៣គ្រឿង និងសំរឹទ្ធ ៤១គ្រឿង រួមមាន៖
ទី១៖ កីឡាវ៉ូវីណាម ឈ្នះមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ៩ សរុប ១៤គ្រឿង, ទី២៖ កីឡាប៉ូល និងប៉េតង់ ឈ្នះមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ៣ សរុប ៧គ្រឿង, ទី៣៖ កីឡាឃីកបុកស៊ីង ឈ្នះមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ១ សរុប ៥គ្រឿង, ទី៤៖ កីឡាចំបាប់ ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៦ សរុប ៦គ្រឿង, ទី៥៖ កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយមាស១ និងសំរឹទ្ធ៦ សរុប ៧គ្រឿង, ទី៦៖ កីឡាតេក្វាន់ដូ WT ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣ សរុប ៥គ្រឿង, ទី៧៖ កីឡាកាយសម្ព័ន្ធ ឈ្នះមេដាយប្រាក់៣ និងសំរឹទ្ធ១ សរុប ៤គ្រឿង, ទី៨៖ កីឡាប្រដាល់ សកល ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ៣ សរុប ៤គ្រឿង, ទី៩៖ កីឡាការ៉ាតេ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង, ទី១០៖ កីឡាវូស៊ូ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង, ទី១១៖ កីឡាបាល់ទះក្នុងសាលជម្រើស ជាតិកម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង, ទី១២៖ កីឡាយូដូ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង, ទី១៣៖ កីឡាហែលទឹក ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង, ទី១៤៖ កីឡាជឺជីតស៊ូ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង និងទី១៥៖ កីឡាទូករ៉ូអ៉ីង ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង៕