ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា នឹងអញ្ជើញបើកការដ្ឋានសាងសង់ព្រះពុទ្ធបដិមាកំពស់ ១០៨ម៉ែត្រ នៅលើភ្នំបូកគោ នាថ្ងៃទី៤ ខែមករាខាងមុខនេះ

 (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋាន សាងសង់ព្រះពុទ្ធបដិមាខ្ពស់ជាងគេ លើពិភពលោក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមលិខិតរបស់ក្រសួងរៀបចំដែនដី។

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល ធ្លាប់បានបញ្ជាក់ថា ព្រះពុទ្ធបដិមានេះមាន កំពស់១០៨ម៉ែត្រ ទ្រង់ភ្នែន ដែលកំពស់នេះ គិតចាប់តាំងពីបល្ល័ង្កខាងក្រោម រហូតដល់ចុងកេសារ បស់ព្រះពុទ្ធបដិមា ដែលនឹងចំណាយរយៈពេលសាងសង់ចំនួន ៤ឆ្នាំ និងចំណាយប្រាក់ចន្លោះពី ៣០លានដុល្លារ ទៅ៤០លានដុល្លារអាមេរិក។

អ្នកឧកញ៉ាបន្តថា គោលបំណងនៃការសាងសង់ រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ដើម្បីជាទី សក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់ នេះ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។

ម្យ៉ាងវិញទៀត ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ក៏ជាការជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ឋ សាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ហើយជាពិសេសទៀតនោះ គឺជាការទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ រាប់លាននាក់ក្នុងមួយឆ្នាំៗ ឱ្យមកកាន់តំបន់នេះ៕