ព្យុះព្រិលដ៏អាក្រក់ផ្តាច់ជីវិតមនុស្សកើនដល់ជាង ៣០នាក់ នៅសហរដ្ឋអាមេរិក

 (វ៉ាស៉ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ ២០២២ អោយដឹងថា ព្យុះព្រិលដ៏អាក្រក់បំផុតមួយ បានផ្តាច់ជីវិតមនុស្សកើនដល់ យ៉ាងហោច ៣២នាក់ហើយ នៅទូទាំងសហរដ្ឋអាមេរិក ហើយតួលេខនេះត្រូវគេរំពឹងថានឹងបន្តកើនឡើង ខណៈការធ្វើដំណើរក៏ដូចជាបណ្តាញផ្គត់ផ្គង់ថាមពលអគ្គិសនី ក៏បានទទួលរងផល​ប៉ះពាល់ផង ដែរ។

អាជ្ញាធរអាមេរិកបានឱ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យ មានមនុស្សចំនួន៣២នាក់បានស្លាប់ ដោយសារ ស្ថានភាពអាកាសធាតុខាងលើ នៅតាមរដ្ឋសរុបចំនួន៩ ដោយក្នុងនោះយ៉ាងតិច១៣នាក់ ស្ថិតក្នុង ទីក្រុងបាហ្វេឡូ (Buffalo) នៃរដ្ឋញូយ៉ក ភាគខាងកើតប្រទេស។ អាជ្ញាធរអាមេរិកបានព្រមានថា តួលេខនេះប្រាកដជានឹងបន្តកើនឡើងថែមទៀត។

គិតត្រឹមថ្ងៃដដែលប្រជាជនអាមេរិកប្រហែល ១៥០,០០០នាក់ នៅបន្តគ្មានថាមពលអគ្គិសនីប្រើ ប្រាស់ ដែលថយចុះពីខ្ទង់លាននាក់ កាលពីថ្ងៃសៅរ៍។ ព្យុះព្រិលដ៏ធ្ងន់ធ្ងរនេះ ក៏បានបង្ខំឱ្យជើង ហោះហើរអាមេរិកជាង ២,៤០០ជើង ត្រូវលុបចោលទៀតផង បន្ថែមពីលើជើងហោះហើរប្រមាណ ៣,៥០០ជើង ដែលលុបចោលកាលពីថ្ងៃសៅរ៍ និងជិត៦,០០០ជើងកាលពីថ្ងៃសុក្រ។

គួរបញ្ជាក់ថា អ្នកធ្វើដំណើរនៅតែបន្តជាប់គាំងនិងរងការពន្យារពេល តាមអាកាសយានដ្ឋាន ពេញមួយថ្ងៃអាទិត្យ ដែលត្រូវជា​ថ្ងៃបុណ្យគ្រីស្មាស់ផងដែរ រួមមានដូចជាទីក្រុងអាត្លង់តា (Atlanta), ឈីកាហ្គោ (Chicago), ឌែនវើ (Denver), ឌីត្រយ (Detroit) និង ញូយ៉ក ខណៈព្រលានយន្ត ហោះនៅទីក្រុង Buffalo បន្តផ្អាកប្រតិបត្តិការដដែល៕