សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់សិស្សប្រលងជាប់បាក់ឌុប បន្តសិក្សានៅមហាវិទ្យាល័យ ហើយសម្រាប់អ្នកប្រលងមិនជាប់ ត្រូវបន្តសិក្សាត្រៀមប្រលងនៅឆ្នាំក្រោយ


(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញលើកទឹកចិត្តដល់សិស្ស ដែលប្រលងជាប់បាក់ឌុបឆ្នាំ២០២២ គប្បីឈានទៅបន្តការសិក្សានៅមហាវិទ្យាល័យ ហើយសម្រាប់ អ្នកដែលប្រលងមិនជាប់ត្រូវបន្តសិក្សាត្រៀមប្រលងនៅឆ្នាំក្រោយ ឬអាចចូលសិក្សាថ្នាក់បរិញ្ញាបត្រ រងក៏បាន សំខាន់កុំបោះបង់ការសិក្សាឱ្យសោះ។

ការថ្លែងលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាអញ្ជើញជាអធិបតីបើកការដ្ឋានស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

រំលឹកដល់ការប្រលងមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រសួងអប់រំ មន្ត្រីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ច ការរៀបចំការប្រលង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចាត់ចែងការប្រលងមធ្យមសិក្សា ទុតិយភូមិនេះប្រកបដោយជោគជ័យ។

សម្ដេចបានបញ្ជាក់ថា ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ មានសិស្សប្រលងជាប់ រហូតដល់៧២ភាគរយ ក្នុងនោះអ្នកទទួលបាននិទ្ទេស A មានជាង១,០០០នាក់ ខណៈនៅឆ្នាំ ២០២១ សិស្សនិទ្ទេស A មានដល់ជាង១,៧០០នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់សិស្សដែលជាប់បាក់ឌុបទាំងអស់ថា ទោះបីទទួលបាន និទ្ទេសណាក៏ដោយ ក៏គួរត្រេកអរនឹងលទ្ធផលដែលខ្លួនអាចធ្វើបាន ហើយកុំការអាក់អន់ចិត្តឱ្យសោះ សំខាន់គឺយើងបានប្រលងជាប់នោះហើយជាក្ដីសង្ឃឹមដែលយើងអាចឈានទៅបន្តការសិក្សានៅមហាវិទ្យាល័យ ចូលរៀននូវជំនាញដែលយើងប៉ងប្រាថ្នា។

ត្រង់ចំណុចនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តដល់សិស្សដែលប្រលងជាប់បាក់ឌុបឆ្នាំ២០២២ គប្បីឈានទៅបន្តការសិក្សានៅមហាវិទ្យាល័យបន្តទៀត ហើយសម្រាប់អ្នកដែល ប្រលងមិនជាប់ ត្រូវបន្តសិក្សាត្រៀមប្រលងនៅឆ្នាំក្រោយ ឬអាចចូលសិក្សាថ្នាក់បរិញ្ញាបត្ររងក៏បាន សំខាន់កុំបោះបង់ការសិក្សាឱ្យសោះ។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា«រឿងដែលសំខាន់គឺត្រូវឈានទៅបន្តការសិក្សានៅមហាវិទ្យាល័យតទៅទៀត [….] ខ្ញុំសូមអំពាវនាវចំពោះសិស្សដែលប្រលងមិនជាប់សូមបន្តការសិក្សាទៀត ហើយត្រូវ ប្រឹងប្រែងធ្វើឱ្យបានល្អក្នុងការប្រលងនៅឆ្នាំក្រោយ ឬអាចចូលរៀនបរិញ្ញាបត្ររងនៅមហាវិទ្យាល័យ ក៏បាន។ ទន្ទឹមនឹងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះអ្នកគ្រូអក្ខរកម្មម្នាក់នៅ ខេត្តឧត្តរមានជ័យដែលមានអាយុ៥៤ឆ្នាំ ជាអាយុច្រើនជាងគេក្នុងចំណោមបេក្ខជនប្រលងឆ្នាំ ២០២២ តែអ្នកគ្រូនៅតែមិនបោះបង់់ការខិតខំ និងការចូលប្រលងបាក់ឌុបនឹងគេ។ ទោះបីអ្នកគ្រូប្រលងឆ្នាំនេះមិនជាប់ ប៉ុន្តែគាត់នៅតែតាំងចិត្តសិក្សា និងត្រៀមចូលប្រលងនៅឆ្នាំ ក្រោយទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរដល់កុមារា ដែលមានអាយុត្រឹមតែ១៣ឆ្នាំ៣ខែ៥ថ្ងៃ (គិតត្រឹមសម័យប្រលង ៥ ធ្នូ ២០២២) ដែលមានអាយុតិចជាងគេក្នុងចំណោមបបេក្ខជនប្រឡង បាក់ឌុបនេះ ហើយបានប្រឡងជាប់ និងត្រៀមចូលរៀនជំនាញស្ថាបត្យកម្ម និងព័ត៌មានវិទ្យានៅ ថ្នាក់បរិញ្ញាបត្រ។

សម្ដេចតេជោបានបញ្ជាក់ទៀតថា ការប្រលងនេះនៅតែរឹងបន្តឹង ដោយមិនមានការបន្ធូរបន្ថយ នោះទេ។ រាជរដ្ឋាភិបាលក៏នៅតែខិតខំជំរុញគុណភាពនៃការសិក្សាក្នុងប្រទេសឱ្យប្រសើរឡើងដែរ។

បើតាមសម្ដេចតេជោ ហ៊ុន សែន នៅអំលុងខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ សម្ដេចនឹងជួបសំណេះ សំណាលជាមួយសិស្សនិទ្ទេស ​A ទាំងជាង១០០០នាក់នោះ ព្រមទាំងមានកាដូ ipad សម្រាប់ចែក ជូនពួកគេម្នាក់១គ្រឿងផងដែរ។ សម្ដេចតេជោក៏បានអំពាវនាវឱ្យខេត្តនីមួយៗ គប្បីមានការលើកទឹក ចិត្តដល់សិស្សពូកែក្នុងខេត្តរបស់ខ្លួនទៅតាមលទ្ធភាពរៀងៗខ្លួន៕