ខែមករា និងខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេស ម៉ាល់ឌីវ និងប្រទេសឡាវ


(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ សម្តេចនឹងអញ្ជើញទៅទស្សកិច្ចនៅប្រទេសម៉ាល់ឌីវ នៅក្នុងខែមករា ដើម្បីបើក ទំនាក់ ទំនងក្នុងការផ្សារភ្ជាប់វិស័យទេសចរណ៍ និងរកទីផ្សារក្នុងការនាំចេញអង្ករទៅប្រទេសម៉ាល់ឌីវ ហើយក្នុងខែកុម្ភៈ សម្តេចនឹងបន្តអញ្ជើញទៅប្រទេសឡាវ ដើម្បីធ្វើទស្សនកិច្ច និងប្រជុំការងារខាង ផ្នែកគណបក្សទាំង២។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដូចនេះ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាស អញ្ជើញជាអធិបតីបើកការដ្ឋានកែលំអរផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល) រហូតដល់ផ្លូវជាតិ លេខ៣ ក្នុងស្រុកជុំគិរី ខេត្តកំពត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា៖ «នៅក្នុងឆ្នាំ២០២៣ ក្នុងខែមករា គម្រោងទៅទស្សន កិច្ចនៅប្រទេសម៉ាល់ឌីវ ដើម្បីបើកទំនាក់ទំនង ព្រោះម៉ាល់ឌីវ ក៏ជាប្រទេសដែលខ្វះអង្ករដែរ ចឹងចង់ ឱ្យមានការផ្សារភ្ជាប់ទេសចរណ៍ និងទាក់ទងនិងបញ្ហាអង្ករនាំចេញ ដោយសារទីផ្សារម៉ាល់ឌីវ ប្រទេស តូចតែតម្រូវការអង្ករ និងទេសចរណ៍មានច្រើន ដូចនេះម៉ាឌីវ អាចមានតម្រូវការនាំអង្ករទៅ រួចហើយ មានដំណើរទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីទស្សនកិច្ចផងហើយប្រជុំការងារខាងផ្នែកគណបក្ស ទាំង២ផង នៅក្នុងខែកុម្ភៈ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ សម្តេចមានការងារច្រើន ដែលត្រូវបំពេញ ជាមួយនឹងកីឡាស៊ីហ្គេមដែលត្រូវបើក ហើយបន្ទាប់ទៅនឹងមានការបើកដំណើរ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ផងដែរ។

នាឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អ្នកខេត្តកណ្តាល និងខេត្ត កំពង់ស្ពឺ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន ក្នុងការបោះឆ្នោត ឃុំ សង្កាត់ ក្នុងរយៈពេល កន្លងទៅផងដែរ។ សម្តេចតេជោ ក៏បានបង្ហាញក្តីសង្ឃឹមដែរថា ប្រជាជនទៅទូទាំងប្រទេសទាំងអស់ និងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនបន្តទៀត នៅក្នុងការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣ខាង មុខនេះផងដែរ៕