(មូស្គូ)៖ យោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីបានត្រៀម ខ្លួនរួចជាស្រេចក្នុងការចរចាជាមួយភាគីទាំងអស់ ដែលពាក់ព័ន្ធនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនបានបដិសេធមិនចូលរួមក្នុងកិច្ចពិភាក្សា។
ក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋរ៉ូសស៉ីយ៉ា វ័នស៍ (Rossiya 1) ដែលបានចាក់ផ្សាយកាលពីថ្ងៃ អាទិត្យចុងសប្តាហ៍កន្លងទៅ លោក ពូទីន បានគូសបញ្ជាក់ថា «យើងត្រៀមខ្លួនរួចជាស្រេចក្នុងការ ចរចា រកដំណោះស្រាយដែលអាចទទួលយកបាន ប៉ុន្តែនោះវាអាស្រ័យលើពួកគេ។ យើងមិនមែនជាអ្នកបដិសេធក្នុងការចរចានោះទេ»។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីខាយឡូ ប៉ូដូយ៉ាក់ (Mykhailo Podolyak) បានសរសេរ នៅលើបណ្តាញ Twitter យ៉ាងដូច្នេះថា «រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយដៃម្ខាង ហើយកំពុង សម្លាប់ពលរដ្ឋ។ តាមពិតរុស្ស៊ីមិនចង់ចរចាទេ ប៉ុន្តែព្យាយាមគេចវេសពីការទទួលខុសត្រូវ»៕