(ហ្សាការតា)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា ទូកដែលខូចដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ៥៧នាក់ បានចុះចតនៅ ឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ីកាលពីល្ងាចថ្ងៃអាទិត្យនេះ ក្រោយពីបានរសាត់លើផ្ទៃសមុទ្រអស់រយៈពេលជាងមួយខែ។
ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ដែលរកការធ្វើទុក្ខបុកម្នេញក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រថុយជីវិតជា រៀងរាល់ឆ្នាំ លើការធ្វើដំណើរតាមសមុទ្រជាញឹកញាប់ នៅក្នុងនាវាដែលមានគុណភាពអន់ ក្នុងការ ប៉ុនប៉ងទៅកាន់ប្រទេសម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី។
អ្នកនាំពាក្យប៉ូលិសក្នុងតំបន់ លោក Winardy បានប្រាប់ AFP ថា កប៉ាល់ឈើដែលមានមនុស្ស៥៧នាក់នៅលើនោះ បានមកដល់ឆ្នេរមួយក្នុងខេត្ត Aceh នៅម៉ោងប្រហែល ៨ព្រឹក (ម៉ោងក្នុង ស្រុក) បន្ទាប់ពីពូកគេបានរសាត់តាមសមុទ្រអស់រយៈពេលជាងមួយខែមកហើយ។
លោក Winardy បានគូសបញ្ជាក់ថា «ទូកនោះខូចម៉ាស៊ីន ហើយវាត្រូវបានខ្យល់បក់ទៅច្រាំងក្នុងភូមិ Ladong ក្នុងស្រុក Aceh Besar»។
យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានឱ្យដឹងថា ទូកចំនួន ពីរដែលផ្ទុកជនជាតិរ៉ូហ៊ីងយ៉ាសរុបចំនួន ២២៩នាក់បានចូលចតនៅខេត្ត Aceh កាលពីថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា។
ការមកដល់កាលពីល្ងាចថ្ងៃអាទិត្យនេះកើតឡើង បន្ទាប់ពី UNHCR និងអ្នកនយោបាយអាស៊ីអា គ្នេយ៍ បានអំពាវនាវឱ្យជួយសង្គ្រោះនាវាមួយផ្សេងទៀត ដែលដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដល់ទៅ ២០០នាក់ ក្នុងនោះរួមមានទាំងស្ត្រី និងកុមារ ដែលត្រូវបានជាប់គាំងនៅសមុទ្រអស់រយៈពេលជា ច្រើនសប្តាហ៍៕