រដ្ឋមន្ត្រី ថោង ខុន សម្ពោធផ្លូវ៣ខ្សែប្រវែងសរុប១,៨០០ម៉ែត្រ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ


 (កំពង់ធំ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣ខ្សែមាន ប្រវែងសរុប១,៨០០ម៉ែត្រ នៅភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជូនដល់ ប្រជាពលរដ្ឋក្នុងភូមិនិងភូមិជុំវិញប្រើប្រាស់ជាប្រយោជន៍ទូទៅ។

នាឱកាសនោះ លោក ជា ចាន់ហេង ប្រធានក្រុមការងារចុះជួយឃុំបល្ល័ង្ក បានឱ្យដឹងថា ផ្លូវលំទាំង ៣ខ្សែដែលត្រូវបានជួសជុលនេះមានប្រវែងសរុប១,៨០០ម៉ែត្រ ដែលតភ្ជាប់ទៅភូមិផ្សេងៗ រួមមាន ភូមិស្រឡៅតូង ភូមិត្រពាំងជ្រៃ ភូមិបល្ល័ង្ក និងភូមិជុំវិញ ជាផ្លូវលំមានសារៈសំខាន់សម្រាប់ប្រជាពល រដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផល ព្រមទាំងសិស្សានុសិស្សធ្វើដំណើរទៅរៀននៅអនុវិទ្យាល័យ ដូនដួង (ក្នុងភូមិដូនដួង)។

លោក ជា ចាន់ហេង បានបន្តថា ផ្លូវលំទាំង៣ខ្សែនេះត្រូវបានជួសជុលឡើងវិញដោយក្រុមការងារ គ្រឿងចក្រតំបន់អភិវឌ្ឍន៍សម្ដេចតេជោ ហ៊ុន សែន ទី៥ ស្រុកបារាយណ៍ ដែលបានចាប់ផ្ដើមដំណើរ ការនៅថ្ងៃទី១៦-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានរយៈពេល១៤ថ្ងៃ ដោយបានឈូសកិនបង្ហាប់ និងក្រាលកម្ទេចថ្មខ្មៅកម្រាស់១០សង់ទីម៉ែត្រ។

លោកបានបន្តទៀតថា ការស្ថាបនាផ្លូវលំទាំង៣ខ្សែនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ថោង ខុន និងលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឧបត្ថម្ភថវិកាចំនួន១៤,២៥០,០០០រៀល ដើម្បី ចំណាយលើសម្ភារៈ ប្រេងឥន្ធនៈ កម្លាំងពលកម្ម និងចំណាយផ្សេងៗក្នុងការកសាងផ្លូវនេះ។ ជាមួយគ្នានោះ លោក កូវ គឹមលាង ម្ចាស់អាជីកម្មកិនថ្ម ក៏បានឧបត្ថម្ភកម្ទេចថ្មខ្មៅចំនួន១២៥ ឡាន។

បន្ទាប់ពីការរាយការណ៍នេះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើងពីកត្តាសុខសន្តិភាព ការអភិវឌ្ឍ និងសមិទ្ធផលរបស់ជាតិដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹក នាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងគម្រោងអភិវឌ្ឍន៍នានាដែលរាជរដ្ឋាភិ បាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកំពុងអនុវត្ត ដើម្បីសម្រួលដល់ការរស់នៅ ការធ្វើដំណើ ររបស់ប្រជាពលរដ្ឋ។ តួយ៉ាងដូចជាការសម្រេចបាននូវការកសាងជួសជុលផ្លូវទាំង៣ខ្សែនាថ្ងៃនេះ ក៏ជាផ្លែផ្កានៃសុខសន្តិភាព ស្ថិរភាពនយោបាយផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការពារអាយុជីវិតរបស់ប្រជាជន ការអនុវត្តនយោបាយចាក់ស្រោចវ៉ាក់សាំងដើម្បី ការពារសុខមាលភាពប្រជាជន។ លោកក៏បានជំរុញឱ្យប្រជាជនបន្តទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា ដើម្បីបង្កើនការការពារ រាងកាយពីការយាយីដោយសារជំងឺកូវីដ១៩នេះ ព្រមទាំងការចូលរួមអនុវត្តវិធានការបង្ការការពារមេ រោគនេះ ដ្បិតបច្ចុប្បន្នពិភពលោកមិនទាន់រួចផុតពីជំងឺនេះនៅឡើយទេ។

ឯកឧត្តម ថោង ខុន បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋខិតខំថែរក្សាសុខភាព រក្សាអនាម័យ និងប្រកាន់ខ្ជាប់ នូវវិធានការ៣កុំនិង៣ការពារ ក្នុងបរិបទជំងឺកូវីដ១៩នេះ។ ម្យ៉ាងទៀតក៏ត្រូវខិតខំប្រកបរបរជីវភាពប្រចាំឱ្យបានត្រឹមត្រូវ ជៀសវាងការប្រព្រឹត្តអំពីល្មើសច្បាប់ ឬល្បែងស៊ីសង ដែលនាំទៅដល់ក្ដីអន្តរាយដល់ខ្លួនឯងនិងគ្រួសារ។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សានិងប្រើប្រាស់ផ្លូវដែល បានកសាងថ្មីទាំងនេះឱ្យល្អ ដើម្បីជាប្រយោជន៍សម្រាប់សហគមន៍យូរអង្វែង។

ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក ឯកឧត្តម ថោង ខុន បានជំរុញឱ្យប្រជាពលរដ្ឋត្រូវត្រៀមអត្តសញ្ញាណបណ្ណឱ្យបានគ្រប់គ្នា ដើម្បី ត្រៀមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីបន្តសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងសុខដុមរមនាសម្រាប់ប្រជា ជនបន្តទៅមុខទៀត។

នាឱកាសនោះដែរ លោក អួង សារឿន អភិបាលស្រុកបារាយណ៍ ព្រមទាំងអាជ្ញាធរនិងប្រជាពលរដ្ឋ ក្នុងឃុំបល្ល័ង្កបានថ្លែងអំណរគុណចំពោះការកសាងផ្លូវលំ៣ខ្សែខាងលើនេះ ដែលជាសមិទ្ធផលថ្មី មួយបន្ថែមទៀត និងជាចំណងដៃរបស់ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តម រដ្ឋលេខាធិការ ជា បូរ៉ា ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិយាយទៀង ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅភូមិនានា ជុំវិញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង៕