សាកសពនាវិកថៃ ៣នាក់ទៀតត្រូវបានទាញចេញពីទឹក ក្រោយឧបទ្ទវហេតុលិចនាវាចម្បាំង ខណៈ១១នាក់ទៀតបន្តបាត់ខ្លួន

 (បាងកក)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ ២០២២ បញ្ជាក់ថា កងទ័ពជើងទឹកថៃបានឲ្យដឹងនៅថ្ងៃអាទិត្យ ទី២៥ធ្នូថា សាកសពនាវិក ៣នាក់ ទៀតត្រូវបានទាញចេញពីទឹក ក្រោយឧបទ្ទវហេតុលិចនាវាចម្បាំង នៅឯឈូងសមុទ្រថៃ កាលពីមួយ សប្តាហ៍មុន។ ជាមួយការរកឃើញនេះ នាំឲ្យចំនួនសាកសពដែលបានរកឃើញរហូតមកទល់ពេល នេះ មានចំនួន១៨នាក់ហើយ ខណៈនាវិកចំនួន​១១នាក់ទៀតបន្តបាត់ខ្លួននៅឡើយ។

គួរបញ្ជាក់ថា នាវាចម្បាំងធុនតូច ឈ្មោះ អេកធីអឹមអេស សុខោទ័យ (HTMS Sukhothai)
ដែលមានផ្ទុកនាវិកសរុប១០៥នាក់ បានជួបបញ្ហាគាំងគ្រឿងម៉ាស៉ីនកាលពីថ្ងៃទី ១៨ ខែធ្នូ ហើយ លិចនៅចម្ងាយខ្ទង់ ៣៧គីឡូម៉ែត្រពីខេត្តប្រជួបគីរីខន្ធ (Prachuap Khiri Khan) ភាគខាងត្បូង ប្រទេសថៃកំលុងពេលមានព្យុះបោកបក់ខ្លាំង។

ជាមួយប្រតិបត្តិការចល័តនាវា យន្តហោះ និងឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង សម្រាប់ប្រតិបត្តិការ រុករកនិងជួយសង្រ្គោះ យោធាថៃអាចទាញនាវិក ៧៦នាក់បានរួចរស់ជីវិតពីរលក៕