រុស្ស៉ី ថ្កោលទោសផែនការធ្វើទំនើបកម្មវិស័យការពារជាតិរបស់ជប៉ុន

 (មូស្គូ)៖  តាមការចេញផ្សាយដោយ ទីភ្នាកងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ អោយដឹងថា រុស្សីបានចោទប្រកាន់ជប៉ុននៅ ថ្ងៃព្រហស្បតិ៍នេះថា បានបោះបង់ចោល នយោបាយសន្តិភាពជាច្រើនទស្សវត្ស ដោយត្រឡប់ប្រកាន់យក របបយោធានិយមឡើងវិញ។

ការលើកឡើងនេះ ដើម្បីជាការឆ្លើយតបទៅនឹងផែនការការពារជាតិថ្មីរបស់ជប៉ុន ដែលមានតម្លៃ ៣២០ ពាន់លានដុល្លារ ដែលប្រកាសដោយនាយករដ្ឋមន្ត្រី លោក Fumio Kishida កាលពី សប្តាហ៍មុន។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «វាអាចត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ទីក្រុងតូក្យូបានដើរលើផ្លូវនៃការពង្រឹងអំណាចយោធារបស់ខ្លួន ដែលមិនធ្លាប់មាន ពីមុនមក ដោយផែនការនេះនឹងធ្វើឲ្យជប៉ុន ទទួលបានសមត្ថភាពធ្វើការវាយប្រហារទៀតផង»

ផែនការរបស់ Kishida នឹងបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដង ដល់ទៅប្រហែល ២ភាគរយនៃផលិតផលក្នុងស្រុកសរុប ក្នុងរយៈពេល ៥ឆ្នាំ ហើយធ្វើឱ្យប្រទេសជប៉ុនក្លាយជា ការចំណាយខាងយោធាធំជាងគេទី៣ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងមូស្គូត្រូវបានគ្របដណ្ដប់ដោយជម្លោះ ដែលមិន ទាន់ដោះស្រាយជាច្រើនជុំវិញបញ្ហាប្រជុំកោះតូចៗនៅប៉ាស៊ីហ្វិក៕