រដ្ឋមន្ត្រីពាណិជ្ជកម្ម ថ្លែងអំណរគុណអូស្ត្រាលី រួមចំណែកជួយដល់ការអភិវឌ្ឍនៅកម្ពុជា


 (ភំ្នពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាពលរដ្ឋអូស្ត្រាលី ដែលបានផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាលើក កម្ពស់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអរគុណអូស្ត្រាលី ក្នុងជំនួបជាមួយលោក ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំនៅកម្ពុជា។ លោក ប៉ាប្លូ កាង នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចូលជួប ជម្រាបឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្ម បន្ទាប់ពីរូបលោកដល់អាណត្តិបញ្ចប់ការងារជាឯកអគ្គរដ្ឋ ទូតអូស្ត្រាលីនៅកម្ពុជា។

នៅក្នុងជំនួបនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានអបអរ សាទរចំពោះឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មប្រកប ដោយជោគជ័យនៅកម្ពុជា ព្រមទាំង បានកោតសរសើរចំពោះតួនាទី និងការចូលរួមចំណែកយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការ លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-អូស្រ្តាលី ជាពិសេសលើវិស័យពាណិជ្ជកម្ម ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីសម្រាប់ ការគាំទ្រជាបន្តបន្ទាប់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងការ ឧបត្ថម្ភវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការចូលរួមចំណែក ដល់យុទ្ធនាការចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរដ្ឋាភិបាល និង ប្រជាជនអូស្ត្រាលី ដែលបានផ្តល់ជំនួយក្រោមកម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ចទ្វេភាគីថ្មីកម្ពុជា-អូស្ត្រាលី (Cambodia Australia Partnership for Resilient Economic Development (CAP-RED) ក៏ដូចជាកម្មវិធីពាណិជ្ជកម្មតំបន់ (RT4D)។ ក្នុងនោះ ក្រសួងពាណិជ្ជកម្ម នឹងទទួលបានអត្ថ ប្រយោជន៍ជាច្រើនពីកម្មវិធីទាំងនេះ។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានកោតសរសើរ ចំពោះការគាំទ្រលើការ ងារ កិច្ចប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ហើយសង្ឃឹមថា អូស្រ្តាលី នឹងបន្តការគាំទ្រនៅ ក្នុងវិស័យនេះ។

ភាគីទាំងពីរ ក៏បានស្វាគមន៍ចំពោះការសម្រេចបានជាដុំកំភួន នូវការចរចាដំទ្បើងកម្រិតនៃកិច្ចព្រម ព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេទ្បង់ (AAZNFTA Upgrade) ដែល ជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។

ឯកឧត្តម ប៉ាន សូរស័ក្តិ និងលោក ប៉ាប្លូ កាង បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហ ប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕