សម្តេចតេជោ ហ៊ុន សែន៖ ភាពជាប្រធានអាស៊ាន បានធ្វើឱ្យកម្ពុជារវល់ តែបាននាំមកនូវកិត្តិនាម ខ្ទរខ្ទារ

(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានថ្លែងថា ភាពជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានធ្វើឱ្យកម្ពុជារវល់ តែក៏បាននាំមកនូវកិត្តិ នាមខ្ទរខ្ទារជូនជាតិមាតុភូមិ។

ថ្លែងពេលអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវតភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង ៤៣គីឡូម៉ែត្រ តម្លៃ ៧៦លានដុល្លារអាមេរិក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេច តេជោ ហ៊ុន សែន បានចាត់ទុកការចូលជាធរមាន RCEP និងការក្លាយជាសមាជិកទី១១ របស់ទីម័រ ខាងកើត គឺជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «នៅសល់តែ ៨ថ្ងៃទៀតប៉ុណ្ណោះ ភាពជាប្រធានអាស៊ានរបស់កម្ពុជា ត្រូវបានបញ្ចប់។ ឆ្នាំនេះយើងធ្វើប្រធានអាស៊ាន កម្មវិធីច្រើន ណាស់ តែក៏ទទួលបានកិត្តិយសសម្រាប់កិច្ចការដ៏សំខាន់មួយនេះ»

ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាបានរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ លទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធនេះ បង្ហាញនូវសមត្ថភាព និងភាពជឿជាក់របស់កម្ពុជា ក្នុងការបំពេញតួនាទីភារកិច្ច ក្នុងតំបន់ និងអន្ដរជាតិ ដែលចូលរួមចំណែកដល់ការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុង តំបន់ និងពិភពលោក។

សម្តេចតេជោ បានថ្លែងអំណរគុណប្រជាជនកម្ពុជារស់នៅកន្លែងនានា ដែលពាក់ព័ន្ធនឹងការរៀបចំទី តាំងប្រជុំ ដែលបានជួយសហការ និងយោគយល់ ឲ្យកិច្ចប្រជុំប្រព្រឹត្តិទៅដោយជោគជ័យ។ សម្តេចតេជោ ក៏បានអរគុណដៃគូកម្ពុជា និងដៃគូរបស់អាស៊ាន ដែលបានគាំទ្រកម្ពុជា ក្នុងភាពជា ប្រធានអាស៊ាន ឆ្នាំ២០២២ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ធ្វើការងារបានយ៉ាងលើដំណើរ ការកិច្ចប្រជុំនានា ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន៕