សម្ដេចតេជោ ហ៊ុន សែន អោយដឹងថា នាឡិកាផលិតជូនមេដឹកនាំអាស៊ាន មិនបានប្រើថវិកាជាតិ ឡើយ គឺក្រុមហ៊ុនឯកជនផលិតជូនរាជរដ្ឋាភិបាល, សរុបតម្លៃជាងកន្លះលានដុល្លារ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានទម្លាយនូវរឿងរ៉ាវមួយជុំវិញការផលិតនាឡិកាអាស៊ាន ដើម្បីធ្វើជាកាដូរជូនមេដឹកនាំបណ្ដា ប្រទេសអាស៊ាន និងមេដឹកនាំពិភពលោក ដែលអញ្ជើញមកប្រជុំនៅប្រទេសកម្ពុជា ដែលបានធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបញ្ចប់ដោយជោគជ័យនាពេល កន្លងទៅនេះ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង៤៣គីឡូម៉ែត្រ តម្លៃ៧៦លានដុល្លារ បានបញ្ជាក់ថា នាឡិកាដែល ផលិតជូនមេដឹកនាំអាស៊ាននេះ គឺមួយគ្រឿងមានតម្លៃ២ម៉ឺនដុល្លារ ហើយបានផលិតឡើង២៥គ្រឿង សរុបប្រមាណ៥០ម៉ឺនដុល្លារ ប៉ុន្ដែការចំណាយមិនបានប្រើប្រាស់ថវិការដ្ឋសូម្បីតែមួយសេន។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នាឡិកាដែលមានអក្សរអាស៊ាន និងខ្មែរធ្វើបាននៅលើ នោះ ជាការផលិតឡើងដោយក្រុមហ៊ុនឯកជននៅក្នុងស្រុក ដើម្បីផ្ដល់ជូនរាជរដ្ឋាភិបាល ហើយអ្វី ដែលសម្ដេចចង់សំដៅលើនោះ គឺចង់បង្ហាញទៅកាន់មិត្តភ័ក្ររបស់ថា ខ្មែរធ្វើបាន ហើយដើរដល់ កម្រិតដែលអាចផលិតនាឡិកាជូនមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាប រាជរដ្ឋាភិបាលអត់មាន ចំណាយសូម្បីមួយសេន នេះជាបច្ចេកវិទ្យារបស់ក្រុមហ៊ុនក្នុងស្រុករបស់យើង ដែលគេបានបណ្ដុះ បណ្ដាលធនធានមនុស្សសម្រាប់ផលិតនាឡិកា។ យើងចង់បង្ហាញទៅកាន់មិត្តភ័ក្ររបស់យើងថា កម្ពុជាបានដើរដល់ពាក្យថា ខ្មែរធ្វើបាន។ ខ្មែរបានដើរដល់កម្រិតនៃការធ្វើនាឡិកា […] ចំណាយជាង កន្លះលានដុល្លារសម្រាប់ការផលិត ប៉ុន្ដែរាជរដ្ឋាភិបាលអត់បានចំណាយលុយទេ ក្រុមហ៊ុនឯកជនបាន ផលិតជូនរាជរដ្ឋាភិបាល សម្រាប់ជូនជាកាដូរជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលមកចូលរួម ប្រជុំក្នុងប្រទេសរបស់យើង»

ការចេញមកបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ជុំវិញការផលិតនាឡិកាអាស៊ានឡើងវិញនេះ បន្ទាប់ពីមានការលើកឡើងរបស់ជនមួយក្ដាប់តូចថា រាជរដ្ឋាភិបាលខ្ចេះខ្ចាយថវិកាជាតិ គ្រាដែល ប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់បានបង្ហាញមោទកភាព ចំពោះការផលិតនាឡិកានេះ ជូន បណ្ដាមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោក។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា នាឡិកាដែលបានផលិតឡើងយ៉ាងពិសេស ចំនួន២៥គ្រឿងនេះ គឺមិនគ្រប់គ្រាន់ក្នុងការផ្ដល់ជូនអ្នកដែលមកចូលរួមប្រជុំនោះទេ ពោលដោយ សារអ្នកចូលរួមប្រជុំមានចំនួនច្រើន ហើយអង្គការដៃគូក៏ច្រើនផងដែរ។

សូមជម្រាបថា កម្ពុជាផលិតនាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍ ជូន ដល់ប្រធានគណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការរីក ចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា៕