(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អ្នកដែលចោទគណបក្ស ប្រជាជនកម្ពុជាជាចោរ គឺត្រូវតែប្តឹង ហើយការប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន គឺជាការលុបបំបាត់វប្បធម៌លាបពណ៌ក្រោយពេលបោះឆ្នោត។
សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងបែបនេះ ពេលអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវត ភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង ៤៣គីឡូម៉ែត្រ តម្លៃ ៧៦លានដុល្លារអាមេរិក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «បោះពីព្រឹកម៉ោង៧ព្រឹកនាំគ្នា ចូលបោះ ម៉ោង៣ល្ងាចបិទ ហើយរាប់សន្លឹកឆ្នោតជាមួយគ្នា វាថាឯងលួចសន្លឹកឆ្នោត។ អញ្ចឹងបើថាចោររហូត អាណានិយាយថាចោរ ប្តឹងអាហ្នឹង អត់មានទុកទេ ចាប់ពីថ្ងៃនេះទៅ»។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បើគ្មានការប្តឹងរកយុត្តិធម៌របស់គណបក្សប្រជាជន កម្ពុជាទេនោះ គណបក្សនេះនឹងមានឈ្មោះជាចោររហូត ដោយសារតែការនិយាយបំភ្លៃ និងផ្តេស ផ្តាស ពីគណបក្សប្រឆាំង។
សូមជម្រាបថា សាលាឧទ្ធរណ៍ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចតម្កល់សាលក្រមសាលា ដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក សុន ឆ័យ «ទុកជាបាន ការ» ប៉ុន្តែបានសម្រេចកែប្រែបន្ថែមលើប្រាក់ពិន័យ និងលើប្រាក់សំណង់ជំងឺចិត្ត កាន់តែច្រើនជាង ជូនដល់ដើមបណ្តឹង។
បើតាមលោក គី តិច មេធាវីការការពារក្តីបានថ្លែងឲ្យដឹងថា បន្ទាប់ពីជំនុំជម្រះនៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ភ្នំពេញ បានធ្វើការសម្រេច ដូចខាងក្រោម៖
ក៖ សំណុំរឿងរបស់គណបក្សប្រជាជនកម្ពុជា សាលាឧទ្ធរណ៍សម្រេច៖
១៖ ទទួលបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់
តែបដិសេធចោល ដោយខុសនឹងគតិច្បាប់។
២៖ ទទួលបណ្តឹងឧទ្ធរណ៍របស់មេធាវី គី តិច តំណាងគណបក្សប្រជាជនកម្ពុជា
ទុកជាត្រឹមត្រូវតាម ទម្រង់ច្បាប់ និងគតិច្បាប់។
៣៖ ទទួលបណ្តឹងឧទ្ធរណ៍របស់ លោកប្លង់ សុផល តំណាងអយ្យការ
អមសាលាដំបូងរាជធានី ភ្នំពេញ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ និងគតិច្បាប់។
៤៖ តម្កល់សាលក្រមលេខ ៣១២៧ «ឆ១» ចុះថ្ងៃទី ០៧-១០-២០២២ របស់សាលាដំបូងរាជធានី ភ្នំពេញ ទុកជាបានការ
លើកលែងតែ៖
* ចំណុចទី១៖ ក.ផ្ដន្ទាទោសពិន័យជាប្រាក់ ៨លានរៀល ត្រូវកែជាចំនួន ១០លានរៀលវិញ។
* ចំណុចទី២៖ សងជំងឺចិត្ត៣ពាន់លានរៀលគត់ ត្រូវកែជា៤ពាន់លានរៀលគត់ វិញ។
(ក្រៅពីនោះរក្សាទុកជាបានការដដែល)។
ខ៖ សំណុំរឿងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សាលាឧទ្ធរណ៍សម្រេច៖
១៖ ទទួលបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់
តែបដិសេធចោល ដោយខុសនឹងគតិច្បាប់។
២៖ ទទួលបណ្តឹងឧទ្ធរណ៍របស់លោក ប្លង់ សុផល តំណាងអយ្យការ
អមសាលាដំបូងរាជធានីភ្នំ ពេញ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ និងគតិច្បាប់។
៣៖ តម្កល់សាលក្រមលេខ ៣១២៦ «ឆ១» ចុះថ្ងៃទី ០៧-១០-២០២២ របស់សាលាដំបូងរាជ ធានីភ្នំពេញ ទុកជាបានការ
លើកលែងតែ៖
* ចំណុចទី១៖ ក.ផ្ដន្ទាទោសពិន័យជាប្រាក់ ៩លានរៀល ត្រូវកែជាចំនួន ១០លានរៀលវិញ។ (ក្រៅពីនោះរក្សាទុកជាបានការដដែល)។
សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រម លើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ ទាំង២របស់លោក សុន ឆ័យ ដែលត្រូវបានប្តឹងដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា។ សំណុំរឿងប្តឹងដោយ គ.ជ.ប ចៅក្រមបាន ផ្ដន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន៩លានរៀល។ ចំណែកក្នុងសំណុំរឿងប្តឹងដោយ គណបក្សប្រជាជនកម្ពុជា ចៅក្រមបានសម្រេចផ្ដន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន៨លានរៀល ព្រមទាំងបង្គាប់ឲ្យសងសំណងជម្ងឺចិត្តឲ្យដើមបណ្តឹង រដ្ឋប្បវេណីចំនួន ៣០០០លានរៀលផងដែរ។
ការសម្រេចក្នុងសាលក្រមរបស់សាលាដំបូងខាងលើនេះ ត្រូវបានលោក សុន ឆ័យ ប្តឹងឧទ្ធរណ៍ ហើយដើមបណ្តឹងរដ្ឋប្បវេណី និងតំណាងអយ្យការក៏បានប្តឹងឧទ្ធរណ៍ដែរ។ ឥឡូវនេះសាលាឧទ្ធរណ៍បានសម្រេចឲ្យ លោក សុន ឆ័យ ត្រូវទទួលរងនូវទណ្ឌកម្មកាន់តែធ្ងន់ ធ្ងរបន្ថែមទៀត ។
ការដាក់ពាក្យបណ្តឹងរបស់គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ធ្វើឡើងបន្ទាប់ពី លោក សុន ឆ័យ បានចោទប្រកាន់ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ មានការទិញ និងលួចបន្លំសន្លឹកឆ្នោត។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អួង វុទ្ធា កាលពីពេលថ្មីៗនេះ ក៏បានចេញដីកាសម្រេច រឹបអូសជាបណ្តោះអាសន្នលើអចលនវត្ថុចំនួន ០២កន្លែង ជាទ្រព្យសម្បត្តិរបស់លោក សុន ឆ័យ បន្ទាប់ពីមានការអះអាងតាមបណ្តាញសារព័ត៌មានថា លោកនឹងមិនសងតាមការសម្រេចរបស់តុលការ ចំពោះបទបរិហាកេរ្តិ៍ជាសាធារណៈ នោះឡើយ៕