ក្រសួងវប្បធម៌ បើកសិក្ខាសាលាវិបស្សនាស្ដីពី «នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម» សម្រាប់មន្ត្រី


 (ភ្នំពេញ)៖ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការតំណាងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា បើក សិក្ខាសាលាវិបស្សនាស្ដីពី «នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម» នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់សិក្ខាកាមសរុបចំនួន១២០នាក់ ដែលជាថ្នាក់ដឹកនាំនិងជាមន្ត្រីមកពីគ្រប់អង្គភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយផ្តោត លើការពិពណ៌នាគោលបំណងនៃកម្មវិធី អនុកម្មវិធី ការកំណត់សូចនាករគន្លឹះ សូចនាករលទ្ធផល ក្នុងឆ្នាំ និងគោលដៅសូចនាករ។

ក្នុងកម្មវិធីបើកសិក្ខាសាលានេះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ សង្ឃឹមថា សិក្ខាកាមទាំងអស់នឹង ទទួលបានចំណេះដឹងថ្មីៗព្រមទាំងមានឱកាសលើកយកបញ្ហាប្រឈមនិងបទពិសោធន៍ដែលបានអនុវត្តកន្លងមកដើម្បីពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាជាមួយគ្រូបង្គោលដែលជាអ្នកជំនាញអញ្ជើញមកពីវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងន័យនេះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់គ្រូបង្គោល និងលើកឡើងជាសំណួរ ចម្ងល់ ឬបញ្ហាលំបាក ទាំងឡាយដែលធ្លាប់ប្រឈមកន្លងមក ព្រមទាំងត្រូវពិភាក្សារិះរកយន្តការជាត្រីវិស័យរួម ក្នុងការ អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ដែលផ្តោតលើ «គណនេយ្យភាពសមិទ្ធកម្ម» ដោយគិតគូលើការកែទម្រង់ប្រព័ន្ធថវិកា ផែនការយុទ្ធសាស្រ្តថវិកា ថវិកាកម្មវិធី និងអង្គភាពថវិកា ដែលបានដាក់អោយអនុវត្តនៅតាមក្រសួង-ស្ថាប័ន។

សូមបញ្ជាក់ថា សិក្ខាសាលា ធ្វើឡើងពីថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះ គឺសិក្ខាសាលាលើកទី៥ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំឡើង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរៀបចំនិង អនុវត្តថវិកាសមិទ្ធកម្មរបស់ក្រសួង៕