សម្តេចតេជោ ហ៊ុន សែន មិននឹកស្មានថា «ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ល្ងង់ដល់ថ្នាក់មិនយល់ពី អាណត្តិប្រធានអាស៊ាន» ហើយប្រមាថធ្ងន់ធ្ងរដល់ប្រធានាធិបតីបារាំង, មេដឹកនាំអឺរ៉ុប-អាស៊ាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន​ឆ្នាំ២០២២ បានសម្តែងការហួសចិត្តជាថ្មី ដោយមិននឹកស្មានថា «ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ល្ងង់ដល់ថ្នាក់ មិនយល់ពីអាណត្តិប្រធានអាស៊ាន» ហើយបានប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះប្រធានាធិបតីបារាំង ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេច រួមទាំងមេដឹកនាំអឺរ៉ុប និងអាស៊ានានា។

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ខណៈសម្តេចតេជោ ហ៊ុន សែក កំពុងមានវត្តមាននៅទ្វីបអឺរ៉ុប ក្នុងនាមប្រធានអាស៊ាន, លោក សម រង្ស៉ី បានរិះគន់ថា «សម្តេចតេជោ ហ៊ុន សែន លួចប្រើតួនាទីជា ប្រធានអាស៊ាន ដើម្បីឱ្យប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ទទួលជាផ្លូវការ នៅថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២២។ តាមការពិត ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ទេ ដែលជាប្រធានអាស៊ានបច្ចុប្បន្ន»

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង ៤៣ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់ប្រជា ជនកម្ពុជា និងអ្នកគាំទ្រ លោក សម រង្ស៉ីថា តើយល់យ៉ាងណាចំពោះការចោទប្រកាន់របស់ លោក សម រង្ស៉ី បែបនេះ។

«មកចោទថា “ខ្ញុំជាអ្នកប្លន់ភាពជាប្រធានអាស៊ាន ការពិតប្រធានអាស៊ានទៅឥណ្ឌូនេស៊ីហើយ” ខ្ញុំអត់នឹកស្មានថា មនុស្សមួយនេះល្ងង់ដល់ថ្នាក់ប៉ុណ្ណឹង ដែលចេញមកមិនមែនប្រមាថ ហ៊ុន សែន ទេ ប្រមាថប្រធានាធិបតីបារាំង ដែលទទួលខ្ញុំអស់រយៈពេល៣ម៉ោង ជាមួយគ្នានៅវិមានអេលីហ្សេ មិន មែន៣០នាទីហើយក៏មិនមែនមួយម៉ោងដែរ ហើយនិង(ប្រមាថ)ដៃគូអឺរ៉ុប»។ នេះបើតាមការបញ្ជាក់របស់ សម្តេចតេជោ។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន​ បានចោទ សួរថា មេអឺរ៉ុបទាំង២៧ប្រទេសជាមនុស្សល្ងង់ ឬយ៉ាងណា? ឬក៏សមាជិកអាស៊ានផ្សេងទៀតរួម ទាំងឥណ្ឌូនេស៊ី «ភ្លើ» ឬយ៉ាងណា? បានជាឲ្យសម្តេចប្លន់អំណាចប្រធានអាស៊ានទៅបោកប្រធានាធិបតីបារាំងបាននោះ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រគល់ញញួរដែលជានិម្មិតសញ្ញាប្រធានអាស៊ាន ទៅឱ្យ លោក ​ចូកូ វីដូដូ ដែលជាប្រធានប្តូរវេននៅឆ្នាំ២០២៣។ យោងតាមធម្មនុញ្ញអាស៊ាន ឋានៈជាប្រ ធានអាស៊ាន ត្រូវប្តូរវេនជារៀងរាល់ឆ្នាំ តាមលំដាប់អក្ខរក្រមនៃឈ្មោះ ជាភាសាអង់គ្លេសរបស់ រដ្ឋសមាជិក ក្នុងរយៈពេលពេញមួយឆ្នាំប្រតិទិន «ពោលគឺចាប់ផ្តើមពីថ្ងៃទី០១ ខែមករា នៃឆ្នាំ រហូត ដល់ថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំដដែលនោះ។

ក្រុមអ្នកជំនាញច្បាប់អន្តរជាតិបាននិយាយថា ការប្រគល់ញញួរប្រធានអាស៊ាន ដែលធ្វើឡើងនៅ មុនចប់ដំណាច់ ឆ្នាំប្រតិទិននោះ គ្រាន់តែជាការប្រគល់ទុកជាមុនជានិមិត្តរូប ក្នុងខណៈពេលនៃការ បិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន ប៉ុន្តែពុំមែនមានន័យជាការសម្គាល់ថា ចប់អាណត្តិរបស់ប្រធាន អាស៊ានកំពុងកាន់តំណែង ដែលប្រគល់ញញួរជាមុន ទៅជូនប្រធានថ្មីបម្រុងនោះឡើយ។ ឋានៈជាប្រធានអាស៊ានរបស់ សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទើបចប់អាណត្តិ។

«ខ្ញុំមិននឹកស្មានថា ដោយសារមនុស្សធន់អន់អញ្ចឹងហើយ បានវាអញ្ចឹងនោះ អានេះពូជវាអន់អញ្ចឹង តែម្តង បើអ្នកឯងដៀលពូជខ្ញុំ ខ្ញុំក៏ដៀលពូជអ្នកឯងដែរ»។ នេះបើតាមការលើកឡើងថែមទៀតរបស់ សម្តេចតេជោ។

សម្តេចបានបន្ថែមថា «វាល្ងង់ពេក ល្ងង់ដល់កម្រិតប៉ុណ្ណឹង មិនស្គាល់អ្វីទៅដែលហៅថាធម្មនុញ្ញ អាស៊ាន ហើយនិងអាណត្តិប្រធានអាស៊ាន ខ្ញុំទៅទីនោះក្នុងឋានៈជាសហប្រធានពេញទី ជាមួយនឹង សហប្រធានរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប»

សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់បន្ថែមទៀតថា លោក សម រង្ស៉ី ធ្វើពលរដ្ឋកម្ពុជាទៅថាមិន ស័ក្តសម ប៉ុន្តែដល់ពេលលោកទៅធ្វើជាពលរដ្ឋបារាំងហើយនៅមិនស័ក្តិសមទៀត ដែលប្រមាថ ប្រធានាធិបតីបារាំង ប្រមាថដល់មេដឹកនាំអឺរ៉ុប។ សម្តេចបន្តថា រយៈពេលប៉ុន្មានឆ្នាំនេះ អន្តរជាតិ មិនដែលរម្លឹកឈ្​មោះ សម រង្ស៉ី ជាមួយសម្តេចម្តងណាឡើយ៕