ក្រុមប្រឹក្សាសន្តិសុខ UN ទាមទារឲ្យបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា ក្នុងដំណោះស្រាយលើកដំបូង រយៈពេលជាច្រើនឆ្នាំ

 (យូអិន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ បានប្រាប់អោយដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នៅថ្ងៃ ពុធសប្តាហ៍នេះ បានអនុម័តលើដំណោះស្រាយជុំវិញបញ្ហាប្រទេសមីយ៉ាន់ម៉ា ជាលើកដំបូងក្នុងរយៈ ពេល ៧៤ឆ្នាំ ដោយទាមទារឲ្យបញ្ចប់អំពើហិង្សា និងជំរុញឲ្យរបបយោធាដោះលែងអ្នកទោស នយោបាយទាំងអស់ រួមទាំងអតីតមេដឹកនាំ លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ផងដែរ។ លោកស្រី បាបារ៉ា វូដវឺដ (Barbara Woodward) ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំ នៅ UN បាននិយាយបន្ទាប់ពីការបោះឆ្នោតលើសេចក្តីព្រាងរបស់អង់គ្លេស យ៉ាងដូច្នេះថា «ថ្ងៃនេះ យើងសូមផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់របបដឹកនាំដោយយោធាថា ពួកគេមិនចាំបាច់មានការសង្ស័យ ឡើយ យើងរំពឹងថាដំណោះស្រាយនេះនឹងត្រូវបានអនុវត្តយ៉ាងពេញលេញ។ យើងក៏សូមផ្ញើសារយ៉ាងច្បាស់ទៅកាន់ប្រជាជនមីយ៉ាន់ម៉ាដែរថា យើងនឹងស្វែងរកការរីកចម្រើន ស្របតាមសិទ្ធិ បំណងប្រាថ្នា និងផលប្រយោជន៍របស់ពួកគេ»

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ UN ចង់ឲ្យក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីថ្លែងការណ៍ផ្លូវការមួយ ស្តីពីមីយ៉ាន់ម៉ា ប៉ុន្តែមិនមែនជាដំណោះស្រាយនោះទេ។ រីឯ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅ UN និយាយថា ទីក្រុងមូស្គូមិនបានចាត់ទុកស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ាថា ជាការគំរាមកំហែង ដល់សន្តិភាព និងសន្តិសុខអន្តរជាតិទេ ដូច្នេះមិនគួរត្រូវបានដោះស្រាយ ដោយក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិនោះឡើយ។

គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតស្វែងរកដំណោះស្រាយជុំវិញបញ្ហាប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធ សប្តាហ៍នេះ ប្រទេសចិន​​រុស្ស៊ី ​និងឥណ្ឌា បានបោះឆ្នោតវេតូ ខណៈសមាជិក ១២នាក់ទៀត បាន បោះឆ្នោតគាំទ្រ៕