(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះ បានថ្លែងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែងផ្លែផ្កាសេដ្ឋកិច្ចជាតិ ប្រកបដោយ សមធម៌ ហើយការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនេះ ជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីកាត់ បន្ថយការចំណាយការធ្វើដំណើរផង និងការបន្ថយលើការចំណាយពេលវេលាផង។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង ៤៣គីឡូម៉ែត្រ តម្លៃ៧៦លានដុល្លារ នាព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានផ្តល់សារសំខាន់លើការតភ្ជាប់ ហើយ ការតភ្ជាប់ មិនមែនគ្រាន់តែជាការតភ្ជាប់រវាងខេត្តមួយ និងខេត្តមួយនោះទេ ប៉ុន្តែត្រូវតែគិតទៅដល់ ផលចំណេញ របស់ប្រជាពលរដ្ឋរបស់យើង នៅតាមតំបន់នានា ដែលជាសេចក្តីត្រូវការចាំបាច់ […] ខ្ញុំនៅតែផ្តល់អាទិភាព រៀបចំគោលនយោបាយ សំដៅទៅលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាជន កាត់បន្ថយការចំណាយ របស់ប្រជាជនក្នុងការធ្វើដំណើរ និងការចំណាយទៅលើពេលវេលា»។
សម្តេចតេជោបានថ្លែងទៀតថា «ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់នេះ នោះហើយគឺ ជាការបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ ដែលខ្ញុំតែងតែនិយាយថា ការបែង ចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ គ្មានអ្វីល្អជាងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើឲ្យប្រជាពលរដ្ឋនោះទេ។ ឧទាហរណ៍យើងមិនអាចយកលុយទៅចែកស្មើៗគ្នា ឬអ្នក នេះ ប៉ុណ្ណេះ អ្នកនោះប៉ុណ្ណោះ ប៉ុន្តែយើងធ្វើជាផ្លូវ ផ្លូវនេះអ្នកមានក៏ធ្វើដំណើរ អ្នកក្រក៏ធ្វើដំណើរបានដូចគ្នា ការកសាងសាលារៀន ការកសាងមន្ទីរពេទ្យ ឬការកសាងអ្វីដែលជាសម្បត្តិសាធារណៈ គឺវាជាសម ធម៌ណាស់ នៃការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានទម្លាក់ ថវិកាជាតិ ដែលសន្សំបានសរុប៤០០លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តនេះ ដែលជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជា។
សម្តេចតេជោបានអំពាវនាវដល់អ្នកដឹកទំនិញ សូមកុំដឹកលើសទម្ងន់ ដែលនាំឲ្យបំផ្លាញផ្លូវថ្នល់ រាជ រដ្ឋាភិបាលបានចំណាយថវិកាច្រើនណាស់ ដើម្បីសាងសង់ កុំដើម្បីតែផលប្រយោជន៍ខ្លួនតិចតួច បំផ្លាញផលប្រយោជន៍ធំរបស់ជាតិ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីគម្រោងនៃការសាងសង់ហេដ្ឋាចរនា សម្ព័ន្ធថ្មីៗជាច្រើនបន្ថែមទៀត សំដៅដល់ការតភ្ជាប់ឲ្យកាន់តែងាយស្រួល សម្រាប់បងប្អូនប្រជា ពលរដ្ឋ។ សម្តេចបញ្ជាក់ថា នៅពេលខាងមុខ សម្តេចនឹងអញ្ជើញបើកការដ្ឋានពង្រីកផ្លូវលេខ៤១ នៅខេត្តកំពង់ស្ពឺ, ពង្រីកផ្លូវលេខ ៣១, ផ្លូវលេខ៣៣ ខេត្តកំពត, ពង្រីកផ្លូវលេខ ៧ ពីស្គន់ទៅខេត្ត កំពង់ចាម, សាងសង់ស្ពាននៅខេត្តក្រចេះ ជាមួយផ្លូវតភ្ជាប់ទៅខេត្តកំពង់ធំ, ស្ពានឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ (ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីផ្សារចាស់ទៅអរិយក្សត្រ), ស្ពានផ្លូវល្បឿនលឿន សម្រាប់តភ្ជាប់ពីរាជធានីភ្នំពេញ ទៅស្រុកល្វាឯម ខេត្តកណ្តាល ឆ្ពោះទៅកាន់ព្រំដែនប្រទេសវៀត ណាម, ស្ពានឆ្លងកាត់ទន្លេបាសាក់ (ពីចាក់អង្រែ ភ្ជាប់ទៅច្បារអំពៅ)។
ជាមួយគ្នានេះ សម្តេចតេជោក៏បានបង្ហើប ពីគម្រោងសាងសង់ស្ពានផ្លូវជាច្រើនទៀត ដែលស្ថិត ក្នុងផែនការតភ្ជាប់របស់រាជរដ្ឋាភិបាល ដែលរួមមានស្ពានផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ, សិក្សាសាងសង់ផ្លូវតភ្ជាប់រវាងខេត្តបាត់ដំបង និងខេត្តសៀមរាប, សិក្សាសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅខេត្តសៀមរាប, សិក្សាសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ និងពីខេត្ត ព្រះសីហនុ ទៅព្រំដែនថៃជាដើម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងធ្វើការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង ឲ្យបានរឹងមាំ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កាត់បន្ថយការលំបាករបស់ប្រជាជន ឈានដល់ការកាត់បន្ថយភាពក្រីក្រ បង្កើតប្រាក់ចំណូលរបស់ប្រជាជន៕