(ភ្នំពេញ)៖ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករសេដ្ឋកិច្ចអាស៊ាន+៣ថា ថយចុះពី ៦ភាគរយ ក្នុងឆ្នាំ២០២១ មកប្រមាណ៣,៤ ភាគរយ ក្នុងឆ្នាំ២០២២ និង៤ភាគរយក្នុងឆ្នាំ២០២៣ ការថយចុះនេះដោយសារតែកំណើនយឺត ក្នុងប្រទេសបូក៣។
ការព្យាករណ៍នេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំរួមថ្នាក់អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរង ធនាគារកណ្តាលអាស៊ាន+៣ តាមរយៈប្រព័ន្ធអនឡាញ ដោយមានការចូលរួមធ្វើជាសហប្រធាន ពីលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ជាសហប្រធានជាមួយក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្រសួងហិរញ្ញវត្ថុចិន និងធនាគារកណ្តាលចិន ដឹកនាំកិច្ចប្រជុំរួមថ្នាក់ អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរង ធនាគារកណ្តាលអាស៊ាន+៣ តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។
អង្គប្រជុំបានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ ក្នុងនោះអង្គភាពស្រាវជ្រាវម៉ាក្រូ សេដ្ឋកិច្ចអាស៊ាន+៣ និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករសេដ្ឋកិច្ចអាស៊ាន+៣ថយចុះពី ៦ភាគរយក្នុងឆ្នាំ២០២១ មកប្រមាណ៣,៤ភាគរយ ក្នុងឆ្នាំ២០២២ និង៤ភាគរយក្នុងឆ្នាំ២០២៣។
ការព្យាករកំណើនសេដ្ឋកិច្ចអាស៊ាន+៣ ត្រូវបានបន្ទាបដោយសារកំណើនយឺត ក្នុងប្រទេសបូកបី (ចិន ជប៉ុន និង កូរ៉េ) ប៉ុន្តែប្រទេសអាស៊ាននៅបន្តកំណើនរឹងមាំនៅឡើយ។
យោងតាមការប៉ាន់ស្មានរបស់ AMRO សេដ្ឋកិច្ចក្នុងតំបន់ប្រឈមបញ្ហាចម្បងៗរួមមាន៖
១៖ ការកើនឡើងលឿននៃថ្លៃថាមពល។
២៖ កំណើនយឺតជាងការរំពឹងទុកក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក។
៣៖ ការលេចឡើងនូវមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី។
៤៖ ភាពតានតឹងភូមិសាស្ត្រនយោបាយ។
៥៖ ហានិភ័យរយៈពេលវែងដូចជា បម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និង ការវាយ ប្រហារតាមប្រព័ន្ធសាយប័រ (Cyber)។
អង្គប្រជុំបានអនុម័តលើ ផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់ AMRO ឆ្នាំ២០៣០ ផែនការការ ងាររយៈពេលមធ្យម (២០២៣-២០២៥) និងគម្រោងថវិកាឆ្នាំ២០២៣ជាដើម ដើម្បីពង្រឹង សមត្ថភាពរបស់អង្គភាព AMRO ក្នុងការតាមដានស្ថានភាពសេដ្ឋកិច្ចប្រទេសជាសមាជិក ឱ្យក្លាយ ជាទីប្រឹក្សាប្រកបដោយទំនុកចិត្តរបស់តំបន់អាស៊ាន+៣។
អង្គប្រជុំក៏បានពិភាក្សាលើគំនិតផ្តួចផ្តើម នាពេលអនាគតរបស់អាស៊ាន+៣ ក្នុងនោះរួមមាន៖
ការសិក្សាលើហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ឥណទាន សម្រាប់ដោះស្រាយបញ្ហាម៉ាក្រូ សេដ្ឋកិច្ចរយៈពេលវែង ការពង្រឹងការសម្របសម្រួលគោលនយោបាយ សម្រាប់ការវិវត្តនៃបច្ចេក វិទ្យា ការពង្រឹងភាពធន់ហិរញ្ញវត្ថុ ចំពោះគ្រោះមហន្តរាយធម្មជាតិ ការធ្វើឌីជីថលូបនីយកម្មហិរញ្ញវត្ថុ និងហិរញ្ញវត្ថុអន្តរកាល។
ជាមួយគ្នានេះអង្គប្រជុំក៏បានពិភាក្សា និងឯកភាពលើការធ្វើឱ្យកាន់តែប្រសើរឡើង នូវគោល ការណ៍ប្រតិបត្តិ សម្រាប់យន្តការនៃកិច្ចព្រមព្រៀង ពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) ជារូបិយវត្ថុក្នុងស្រុក ការកំណត់ទិសដៅអនាគតសម្រាប់ CMIM និងការសម្រេចបានដោយ ជោគជ័យនូវការសាកល្បងដំណើរការយន្តការ CMIM (Test Run)។
លើសពីនេះអង្គប្រជុំក៏បានជ្រាបអំពីវឌ្ឍនភាព ដែលសម្រេចបានក្រោមគំនិតផ្តួចផ្តើម ទីផ្សារសញ្ញា បណ្ណអាស៊ី និងផែនទីមគ្គទេសក៍រយៈពេលមធ្យម (២០២៣-២០២៦)៕